ភ្នំពេញៈ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានី បានឲ្យដឹងថា លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេច ឃុំខ្លួន លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ដែលកាំភ្លើងវាយកម្មករឃ្លាំងអេតចាយបែកក្បាល នៅពន្ធនាគាររាជធានីភ្នំពេញ PJ ជាបណ្តោះអាសន្នសិនរង់ចាំ បន្តនីតិវិធីនាពេលក្រោយ។
លោក សៀង សុខ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាម Telegram ថា លោកបានសម្រេចចោទប្រកាន់ លើលោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ភី ធី អេស រ៉េស៊ីដេន ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៧ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមច្បាប់។
សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ដែលវាយកម្មករឃ្លាំងអេតចាយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លន កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅគ្រាដែលលោកឧត្តមសេនីយ៍ ចូលខ្លួនទៅសារភាព នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
គួររំលឹកថា ជនត្រូវចោទ លោក ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បាន ប្រើអំពើហិង្សា ដោយយកកាំភ្លើងវាយ ក្បាលជនរងគ្រោះឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ កម្មករឃ្លាំងអេតចាយ ដោយគ្រាន់ ព្រោះខឹងជនរងគ្រោះ មើលមុខរបស់ខ្លួន។
ករណីហិង្សានោះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅក្បែរអគារ ខុនដូ របស់ជនបង្ក មានទីតាំងស្ថិតនៅផ្លូវលេខ៣៦៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេឃើញជនត្រូវចោទ បានជិះរថយន្តស្ព័រ Chevrolet Camaro ពាក់ស្លាកលេខ ភ្នំពេញ 2AP-8989 ដោយរោទ៍សម្លេងខ្លាំងៗ ទើបជនរងគ្រោះមើលមុខជនសង្ស័យដែលនៅក្នុងរថយន្ត។
ពេលឃើញកម្មករ មើលមុខ បែបនោះ ជនសងស្ស័យ បានបើករថយន្ត ត្រលប់មកវិញហើយ ក៏ចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លី ទំនើបមួយដើម ទៅវាយកម្មករនោះបែកក្បាលជាច្រើនថ្នេរតែម្តង។
យោងតាមសមត្ថកិច្ច បានឲ្យដឹងទៀតថា សំណុំរឿងនេះ ជនត្រូវចោទ លោកឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង បានសងសំណងទៅជនរងគ្រោះចំនួន ៤០០០ដុល្លារ ដើម្បីឲ្យជនរងគ្រោះព្រមដកពាក្យបណ្តឹង ដើម្បីបើកផ្លូវឲ្យតុលាការមានហេតុផលសមរម្យមួយក្នុងការដោះលែង ជនសង្ស័យ មានងារជាឧត្តមសេនីយ៍ម្នាក់នេះឲ្យនៅក្រៅគុក ប៉ុន្តែដោយសារតែរឿងនេះ ត្រូវបានមហាជន ជាពិសេសក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក រិះគន់ខ្លាំងទើប លោកឧត្តមសេនីយ៍មានទ្រព្យស្តុកស្តមរូបនេះ ត្រូវបង្ខំចិត្តដេកគុកមួយរយៈសិន ព្រោះទង្វើខ្វះការពិចារណារបស់ខ្លួន៕
មតិយោបល់