ព័ត៌មានជាតិ

ធ្វើឯងឡូយមានអី ខ្ទេចទើបស្តាយ.. បុកលូនៅចិញ្ចើមផ្លូវ៦០ម៉ែត្រ!

ភ្នំពេញ: រថយន្តហាយឡែនឌ័រមួយគ្រឿង បោះពួយយ៉ាងលឿន ទៅបុកលូដែលគេទុកចោលនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យមនុស្សប្រុសស្រី៥នាក់ រងរបួសស្រាល។ ចំណែករថយន្ត រងការខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនាំគ្នាចោមរោមមើលយ៉ាងខ្លាំង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចមុខវត្តគោកអម្ពិល តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-2848 បើកបរដោយបុរសម្នាក់ រួមដំណើរដោយមនុស្សប្រុសស្រី៤នាក់ទៀត ធ្វើដំណើរពីកើតទៅលិច ក្នុងលឿងយ៉ាងលឿន តាមផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចកើតហេតុ មុខវត្តគោកអម្ពិល ក៏បានរេចង្កូតទៅបុកលូដែលគេទុកចោលនៅលើចិញ្ចើមផ្លូវ ពេញទំហឹង បណ្ដាលឲ្យរថយន្តផ្ទុះពោងសុវត្ថិភាពទាំងអស់ និងរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ បើកទៅមុខលែងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលជើងឯកបានចុះជួយសម្រួលចរាចរណ៍ និងរង់ចាំម្ចាស់រថយន្តទាក់ទងហៅរថយន្តមកស្ទូចយករថយន្តទៅយានដ្ឋានដើម្បីធ្វើការជួសជុល៕

មតិយោបល់