ភ្នំពេញៈ យុវជនម្នាក់បានរងបួសបាក់ជើងស្តាំម្ខាងនិងម្នាក់ទៀតរងបួសស្រាល បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវខ្វះកាប្រុងប្រយ័ត្នត្រូវបានយុវជនម្នាក់ទៀតជិះម៉ូតូមួយគ្រឿងបុកពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែងនិងផ្លូវ២៥៧ ជាប់និងរបងមន្ទីរពេទ្យកុម៉ាជាតិ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាសេរូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1BM-8154 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ីទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃមកផ្លូវ២៥៧ ដោយខ្វះកាប្រុងប្រយ័ត្ន ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1I-3983 ជិះដោយយុវជនម្នាក់ បញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំណាក់កណ្តាលម៉ូតូជនរងគ្រោះ ពេញទំហឹងបណ្តាលជើងជនរងគ្រោះជាអ្នកបើកម៉ូតូបាក់ជើងខាងស្តាំម្ខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុង ហាក់ ដឹកយកសង្គ្រោះភ្លាមៗ។ ចំណែកអ្នកអង្គុយនៅខាងក្រោយរងរបួសស្រាល រីឯអ្នកបើកម៉ូតូបង្កមិនមានរងបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់