ព័ត៌មានជាតិ

ឃាត់ខ្លួ​នបុរស២នាក់ ដកហូតបានទាំងថ្នាំញៀន និងកាំភ្លើងវែង២ដើម

ភ្នំពេញ: ជនសង្ស័យចំនួន ២នាក់ ដែលមុខសញ្ញាចាស់ ដែលតែងតែបង្កអសន្តិសុខក្នុងភូមិ ជាពិសេស ចែកចាយគ្រឿងញៀន និងរក្សាទុកនូវអាវុធកាំភ្លើងកែច្នៃខុសច្បាប់ចំនួន២ដើមថែមទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំដោយ លោក វរ:សេនីយឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានបញ្ជាឲ្យឃាត់ខ្លួនបាន កាលពីវេលាម៉ោង៨និង៤០នាទី នៅចំណុចដីវាល់ព្រៃឬស្សី ស្ថិតក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ខាងលើទី១ មានឈ្មោះ សយ សាអ៉ីម អាយុ៣៩ឆ្នាំ មុខរបរមើលគោ មានស្រុកកំណើតភូមិត្រពាំងពោធិ៍ ឃុំភ្នំតូច ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ និងទី២មានឈ្មោះ ណែន វែង អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើតភូមិ ព្រែកទំនប់ ឃុំអំពិលទឹក ស្រុកលើកដែក ខេត្តកណ្តាល ។ ចំពោះ វត្ថុតាង សមត្ថកិច្ចយើងបានរកឃើញនិងដកហូតរួមមាន៖ កាំភ្លើងវែងកែច្នៃ ប្រើខ្យល់បាញ់គ្រាប់កង់ ចំនួន២ដើម ,ឧបករណ៍ឆក់សត្វ និងឆក់ត្រី មួយកំផ្លេ និងថ្នាំញៀនម៉ាទឹកកកចំនួន៣កញ្ចប់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់បានជនសង្ស័យទាំង២នាក់នេះ គឺ ដោយមានការរាយការណ៍ពី បងប្អូនប្រជាពលរដ្ធល្អ មកកាន់សមត្ថកិច្ចថាមាន ជនសង្ស័យទាំង២នាក់ មានពាក់ព័ន្ធនិងបទល្មើសផ្សេងៗ ទើបកម្លាំង បានតាមដាន រហូតដល់យប់កើតហេតុ បានចុះបង្ក្រាបនិងឃាត់ខ្លួនបាននៅចំណុចព្រៃឬស្សីនោះតែម្តង ។

ក្រោយកើតហេតុ កម្លាំងបាន បញ្ជូនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍នគរបាលសង្កាត់កំបូល ដើម្បីសាកសួរនាំ និងកសាងសុំណុំរឿង បន្តមកឲ្យផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់