ព័ត៌មានជាតិ

ឃាត់ខ្លួនបុគ្គលិករបស់ក្រុមហ៊ុន ស៊ីហ៊ូហុយ គ្រុប ចំនួន៣នាក់ ករណីលួចបូមស៊ីម៉ងត៍លក់

ភ្នំពេញ: នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី មានករណីជនសង្ស័យ៣នាក់លួចស៊ីម៉ងត៍ នៅត្រង់ចំណុច ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមបណ្តឹងរបស់ឈ្មោះ ងិន សុផារិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុនស៊ីហ៊ូហ៊ុយ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តំណាងឱ្យក្រុមហ៊ុនស៊ីហ៊ូហ៊ុយ គ្រុប។

សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ហយ ហាញ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២-ឈ្មោះ អុល អន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ទីលំនៅភូមិកណ្តាល ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល។
៣-ឈ្មោះ ហយ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ទីលំនៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍៖ កាលពីដើមឆ្នាំ២០២០ ឈ្មោះ សំ សត្យា ភេទប្រុស អាយុ៣០ឆ្នាំ ជាមេការរបស់ក្រុមហ៊ុន ស៊ីហ៊ូហុយ គ្រុប បានឱ្យជនសង្ស័យ ទី០១ឈ្មោះ ហយ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ បើករថយន្តពោងដឹកស៊ីម៉ងត៍ម៉ាក CKT ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3C-2428 ទី០២ឈ្មោះ ហយ ហាញ ភេទប្រុស អាយុ៣៨ឆ្នាំ បើករថយន្តពោងដឹកស៊ីម៉ងត៍ម៉ាក CKT ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-0516 ទី០៣ឈ្មោះ អុល អន ភេទប្រុស អាយុ៣៩ឆ្នាំ បើករថយន្តពោងដឹកស៊ីម៉ងត៍ម៉ាក CKT ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-9509 ចេញពីក្រុមហ៊ុនស៊ីហ៊ូហ៊ុយ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅដឹកស៊ីម៉ងត៍ពីរោងចក្រចក្រីទីង ស្ថិតនៅខេត្តកំពតមករាជធានីភ្នំពេញ ។ ប៉ុន្តែពេលជនសង្ស័យទាំង០៣នាក់ខាងលើ បើករថយន្តដឹកស៊ីម៉ងត៍យកទៅដាក់ តាមដេប៉ូក្នុងរាជធានីភ្នំពេញ ពួកគេ (ជនសង្ស័យ) បានលួចបូមស៊ីម៉ងត៍យកទៅលក់ឱ្យម៉ូយផ្សេងៗ ក្នុង០១លើកៗអស់ចំនួនពី៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។ នៅពេលបុគ្គលិករបស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយគ្រុប ទៅទូទាត់លុយពីភ្ញៀវនៅតាមដេប៉ូនីមួយៗ ភ្ញៀវបានឱ្យវិក្កយបត្រទូទាត់លុយ បាត់ស៊ីម៉ងត៍ក្នុង០១រថយន្តអស់ពី៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។

ពេលនោះខាងក្រុមហ៊ុនបានហៅជនសង្ស័យខាងលើមកធ្វើការសួរនាំ តែពួកគេ(ជនសង្ស័យ) បានឆ្លើយថា ការបាត់បង់ស៊ីម៉ងត៍ បណ្តាល មកពីជញ្ជីងថ្លឹងឡើង និងជញ្ជីងថ្លឹងចុះ រួចបុគ្គលិកក្រុមហ៊ុនស៊ីហ៊ូហុយ បានទៅធ្វើការត្រួតពិនិត្យ ជញ្ជីងនៅតាមដេប៉ូនីមួយៗ ឃើញថា ជញ្ជីងមានភាពប្រក្រតីត្រឹមត្រូវ ។

លុះដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង១៨និង០០នាទី ប្រធានក្រុមហ៊ុនស៊ីហ៊ូហ៊ុយ បានហៅជនសង្ស័យទាំង០៣នាក់ ខាងលើមកធ្វើការសួរនាំម្តងទៀត ទើបពួកគេ (ជនសង្ស័យ) បានឆ្លើយសារភាពប្រាប់ថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួចបូមស៊ីម៉ងត៍របស់ក្រមហ៊ុនស៊ីហ៊ូហ៊ុយ យកទៅលក់ឱ្យម៉ូយផ្សេងៗ កាលពី អំឡុងឆ្នាំ២០១៨ ប្រាកដមែន រួចបុគ្គលិកក្រុមហ៊ុនក៏បានធ្វើការត្រួតពិនិត្យទៅលើស៊ីម៉ងត៍ដែល បានបាត់បង់ ឃើញថា ចាប់ពីឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន មានការបាត់បង់ស៊ីម៉ងត៍ជាង១៩៨តោន គិតជាទឹកប្រាក់សរុបចំនួន ១៤,៨៥០ ដុល្លារ (មួយម៉ឺនបួនពាន់ប្រាំបីរយហាសិបដុល្លារអាមេរិក) ហើយឈ្មោះ ងិន សុផារិន ភេទប្រុស អាយុ៣៣ឆ្នាំ តំណាងឱ្យក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ក៏បានឃាត់ជនសង្ស័យទាំង០៣នាក់ខាងលើ ប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ រួចដាក់ពាក្យបណ្តឹងទៅលើ ពួកគេ (ជនសង្ស័យ) ទាំង០៣នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់