ព័ត៌មានជាតិ

កាប់មិត្តភក្តិប្លន់ យកម៉ូតូ និងទូរសព្ទ តែរត់មិនផុតពីសំណាញ់ច្បាប់

បន្ទាយមានជ័យៈ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១យប់ មានករណីប្លន់យកម៉ូតូ និងទូរសព្ទ កើតឡើងនៅចំណុចម្ដុំភ្នំ១០០ ចំណុចខាងជើងដើមស្រល់ ក្នុងបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជនរងគ្រោះឈ្មោះ ឡាង សុចិន្តា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៩ និង១៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ អាណាព្យាបាលរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ស្តីពីករណីខាងលើនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។

ក្រោយពីកើតហេតុករណីប្លន់ខាងលើ និងទទួលបានពាក្យបណ្តឹងរួចមក និងដោយអនុលោមតាមការណែនាំរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចាត់តាំងបញ្ជាកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីប្លន់ខាងលើនេះភ្លាមៗ ដោយមានលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យភ្លាមៗតែម្តង ។

បន្ទាប់ពីការស្រាវជ្រាវ និងទទួលបានតម្រុយមួយចំនួន រហូតកំណត់មុខសញ្ញា និងទីតាំងជនសង្ស័យបាន កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានចុះកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្រ្កាបភ្លាមៗ នៅវេលាម៉ោងប្រមាណ ១១ និង ១៥នាទី កម្លាំងកងរាជអាវុធហត្ថ បានចុះដល់ទីតាំងស្នាក់នៅរបស់ជនសង្ស័យ និងឃាត់ខ្លួនភ្លាមៗ បានចំនួន ០២នាក់ នៅចំណុចភូមិកណ្តាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ១-ឈ្មោះ គង់ ណាលីន(ហៅ ដូង) ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ គឹម រតនៈ (ហៅ ណាក់) ភេទប្រុស អាយុ ១៥ឆ្នាំ និងរឹបអូសបានម៉ូតូរបស់ជនរងគ្រោះ ដែលជនសង្ស័យបានប្លន់យកទៅ ចំណែកទូរសព្ទជនសង្ស័យបានសារភាពថា ៖ ដោយមានការភ័យពេក គិតតែជិះម៉ូតូយ៉ាងលឿន ពេលនោះក៏ជ្រុះទូរស័ព្ទតាមផ្លូវតែមិនហ៊ានឈប់រើស ។ សូមបញ្ជាក់ថា ៖ ជនសង្ស័យទាំង ០២នាក់ ខាងលើគឺជាអ្នកជិតខាង និងជាមិត្តភក្តិរបស់ជនរងគ្រោះផងដែរ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តថា ៖ ក្រោយពីការឃាត់ខ្លួនបាន លោកបានចាត់តាំងមន្ត្រីជំនាញ ដើម្បីធ្វើការសាកសួរអំពីអង្គហេតុខាងលើ និងក្រោយធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ រូបគេទាំង ០២នាក់ បានរៀបគម្រោងទុកជាមុនរយៈពេល ០៧ថ្ងៃ រួចមកហើយ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ឈ្មោះ ដូង បានណាត់ឈ្មោះ ណាក់ អោយនៅចាំខ្លួននៅចំណុចសាលារៀនបឋមសិក្សាបាលិលេយ្យ២ រួចឈ្មោះ ដូង បានទូរសព្ទទៅបបួលជនរងគ្រោះអោយយកម៉ូតូជូនខ្លួនដើរលេង និងចូលក្លឹប ពេលជិះម៉ូតូដល់ចំណុចស្ងាត់ និងស្ថានភាពផ្លូវមានភក់តិចៗផង ឈ្មោះ ដូង បាននិយាយថាជិះមិនកើតទេ អោយឈ្មោះ ណាក់ ចុះពីលើម៉ូតូ ហើយឈ្មោះ ដូង និងជនរងគ្រោះជិះតែ ០២នាក់ យឺតៗ (ជនរងគ្រោះអ្នកដឹក) ពេលនោះឈ្មោះ ដូង បានយកកូនកាំបិតចិតបន្លែ មកអារកជនរងគ្រោះពីក្រោយ បណ្តាលអោយជនរងគ្រោះដួលទៅលើដី ដោយសង្ស័យគិតថាជនរងគ្រោះមិនទាន់ស្លាប់ ឈ្មោះ ដូង បានមកចាប់ជើងជនរងគ្រោះទាំង២និងឈ្មោះ ណាក់ ចាប់សង្កត់ដៃ រួចហើយឈ្មោះ ណាក់ បានយកកាំបិតពីឈ្មោះ ដូង យកមកអារកជនរងគ្រោះបន្ថែមទៀត ពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំង ០២នាក់ បានរុញជនរងគ្រោះចូលក្នុងប្រឡាយទឹក ហើយបានយកទូរសព្ទដៃម៉ាក OPPO ០១គ្រឿង និងម៉ូតូ របស់ជនរងគ្រោះម៉ាក់ MSX ពណ៌ស ផលិតឆ្នាំ ២០១៥ ស្លាកលេខ ប.ជ 1N 6287 ជិះគេចខ្លួនតែម្តង ។

ករណីប្លន់ខាងលើនេះ បណ្តាលអោយជនរងគ្រោះរងរបួសដាច់សរសៃបំពង់ក ធ្ងន់ធ្ងរ។ បច្ចុប្បន្នកំពុងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ។ ចំណែកម៉ូតូ ត្រូវបានមន្ត្រីជំនាញរបស់កងរាជអាវុធហត្ថ ប្រគល់ជូនទៅអាណាព្យាបាលរបស់ជនរងគ្រោះនៅថ្ងៃដដែលនោះផងដែរ ។

លោកវរសេនីយ៍ឯក ម៉ែន ភីរម្យ បានបន្ថែមថា ៖ ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់