បន្ទាយមានជ័យៈ នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ ១២២ ក្នុងសណ្ឋាគារកាស៊ីណូហ្រ្កោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា លោកបានទទួលព័ត៌មានស្តីពីការជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយអនុវត្តន៍តាមការអនុលោមរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែងតែម្តង។ ពេលកម្លាំងសមត្ថកិច្ចបានចុះទៅដល់ចំណុចសង្ស័យខាងលើ ម្ចាស់បន្ទប់ដែលជាអ្នកជួញដូរនូវសារធាតុញៀនហាក់ដូចជាដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ នៅសល់តែជនសង្ស័យ១ក្រុម កំពុងនិងប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ រួមមាន ៖ ១-ឈ្មោះ សែម សុឃឿន (ហៅ ១៨) ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ប៉ែន សុធារឹទ្ធិ (ហៅ ង៉ា ) ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ៣-ឈ្មោះ សឿន ពៅ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ៤-ឈ្មោះ ម៉ៅ ខួច ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ៥-ឈ្មោះ គី យ៉ាណូ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ៦-ឈ្មោះ ស៊ុក បូរី ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ៧-ឈ្មោះ គូ រចនា (ហៅ ស្រីទូច) ភេទ ស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ បានចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ៥៤កូនថង់ ស្មើ ១៧.៥ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១៩០គ្រាប់ -ទូរស័ព្ទដៃចំនួន៦គ្រឿង -កាបូប ចំនួន២ -ប័ណ្ណព្រំដែនរបស់ឈ្មោះ ម៉ៅ ទូច ចំនួន១ក្បាល -កងដៃលោហធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន១-ខ្សែកលោហធាតុពណ៌លឿងស ចំនួន ០១ខ្សែ ប្រវែង ៤៥សង់ទីម៉ែត្រ -ខ្សែកទង់ដែងពណ៌ស បណ្តោងរូបព្រះ១ខ្សែ ប្រវែង ៦៥សង់ទីម៉ែត្រ -ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បួង ចំនួន ១វង់ -នាឡិកាដៃ ចំនួន៣គ្រឿង -ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ដោយផ្អែកតាមការបំភ្លឺរបស់សាក្សី និងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានបញ្ជាក់ថា រូបគេទាំង៧នាក់(ជនសង្ស័យ)បានទិញគ្រឿងញៀនពីឈ្មោះ ឡៃ ភេទ ប្រុស អាយុប្រហែល ៤៥ឆ្នាំ ជនជាតិថៃ ដែលជាម្ចាស់បន្ទប់លេខ ១២២ ជាន់ក្រោមដី ក្នុងកាស៊ីណូហ្ក្រោន។
ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់