កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តសណ្តោងកន្ទុយ របស់ក្រុមហ៊ុនស្រាប៊ៀរអង្គរ មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូសេ១២៥ ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មគៀបជាប់ជាមួយនឹងម៉ូតូ ។ ចំណែករថយន្តបង្ក បន្តល្បឿនទៅបុករថយន្ត២គ្រឿងទៀតដែលកំពុងចតទុកចោល បណ្តាលឲ្យគៀបចូលគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ២-៣ ក្នុងភូមិអណ្ដូងទឹក ឃុំលំហាចស្រុកអង្គ ស្នួលខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ដែលជាប្រភេទ រថយន្តសណ្ដោងរម៉ក របស់ស្រាប៊ៀអង្គរ ពាក់ស្លាកលេខ ភ្នំពេញ 3A-0298 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីខាងជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-9734 បើកបរដោយឈ្មោះ ឡុច ចន្ធី ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកក្នុងទិសដៅពីត្បូងទៅជើងចូលចំណែកខាងរថយន្ត ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ បន្ទាប់មករថយន្តបង្ក បានជ្រុលល្បឿនទៅខាងឆ្វេងដៃ បុករថយន្តប្រភេទ តូចចំនួន២គ្រឿងទៀត រួមមានរថយន្តម៉ាក តូយ៉ាតា តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-6819 ជាកម្មសិទ្ធរបស់ឈ្មោះ សុខ ប៊ុនឈឿន ភេទប្រុស អាយុ ៣២ រស់នៅភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមួយគ្រឿងទៀត ម៉ាក វីហ្គូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0761 ជាកម្មសិទ្ធរបស់ឈ្មោះ ប៉ុក ម៉ារ៉ាឌី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិ ត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលចតឈប់នៅជាយផ្លូវ ខាងកើតយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាត ភ្លាមៗអ្នកបើករថយន្តបង្ក បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តបង្កនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការពិនិត្យនិងវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង៤គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/lxHneK_lx0o
មតិយោបល់