ព័ត៌មានជាតិ

រថយន្តពីរគ្រឿង ពន្លះគ្នា ស្លាប់ និងរបួស ២នាក់

សៀមរាប: កាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុករថយន្ត បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់។

ហេតុការណ៍នេះ កើតទ្បើងនៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥០- ៣៥១ ក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាកលុចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-9455 បើកបរដោយឈ្មោះ គិម វ៉ាន់ថា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដឹកឈ្មោះសាន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបរទិសដៅពីកើតទៅលិច បានបុករថយន្តម៉ាកហ្វុយ សូ ពណ៌ ផ្ទៃមេឃ ពាក់ស្លាកលេខតាកែវ 3A-1948 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរទិសដៅពីលិចទៅកើត។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ឈ្មោះគិម វ៉ាន់ថា និងឈ្មោះសាន ផានិតរបួសស្រាល ចំណែករថយន្តទាំងពីរគ្រឿងខូចខាតធ្ងន់។

ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញ បានចុះវាស់វែងដល់ទីកន្លែងកើតហេតុ រួចប្រគល់សាកសពជូនគ្រួរសារយកទៅធ្វើបុណ្យតាមប្រពីណី និងប្រមូលវត្ថុតាងមករក្សាទុក ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់