ព្រះវិហារៈ នៅរសៀលថ្ងៃទី២១ មិថុនា ឆ្នាំ ២០១៦នេះ សមត្ថកិច្ចខេត្តព្រះវិហារ បានកសាងសំណុំរឿងបញ្ជូនខ្លួន ជនជាតិឡាវម្នាក់ រួមនឹងវត្ថុ តាង គ្រឿងញៀនជិត២គីឡូក្រាម ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់។
គួររំឮកថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ មិថុនា ២០១៦ ស្ថិតនៅចំណុចមុខវត្តកំពង់ស្រទ្បៅ ភូមិកំពង់ស្រទ្បៅ ឃុំកំពង់ស្រទ្បៅ១ ស្រុកឆែប ខេត្តព្រះវិហារ កម្លាំងនគរបាលអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងនគរបាលការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះប្រតិបត្តិការឃាត់ខ្លួនបុរសជនជាតិទ្បាវម្នាក់ កំពុងធ្វើសកម្មភាពជាក់ស្ដែងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំឆ្លងដែនចូលទឹកដីកម្ពុជា។
សេចក្ដីរាយការណ៍ឲ្យដឹងថា ជនសង្ស័យមានបក្ខពួកម្នាក់ទៀត ពេលឃើញសមត្ថកិច្ច បានលោតចុះពីលើកាណូត ហើយហែលទឹកត្រទ្បប់ ចូលទៅកាន់ទឹកដីទ្បាវវិញ ប៉ុន្តែអាជ្ញាធរខ្មែរអះអាងថា ខាងសមត្ថកិច្ចទ្បាវ តាមចាប់ខ្លួនជនសង្ស័យម្នាក់នោះបានវិញហើយ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ប៊ុន ម៉ូន ភេទប្រុសអាយុ៥២ឆ្នាំជនជាតិទ្បាវ មានទីលំនៅស្រុកមឿងស៊ីងខេត្តណាំថា ប្រទេសទ្បាវ រួមនឹងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន២កញ្ចប់ធំទម្ងន់សរុប១,៩១៨គីទ្បូក្រាម និងប៉ាស្ព័រ ចំនួន១ក្បាល៕
មតិយោបល់