បន្ទាយមានជ័យៈ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩យប់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យម្នាក់ និងកាំបិតបុង័តោចំនួន១ នៅចំណុចកាស៊ីណូហ្គោលឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
យោងបណ្តឹងរបស់ឈ្មោះ ម៉ែន សារួន ភេទប្រុស អាយុ៣៥ឆ្នាំ (ជនរងគ្រោះ) រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈឿន សេង (ហៅ ញ៉ាញ់) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ ៖ កាលពីដើមខែឧសភា ជនសង្ស័យ និងជនរងគ្រោះ មានទំនាស់ និងបានវាយតប់គ្នាម្តងរួចមកហើយ តែមិនមានបង្ករបួសស្នាមអ្វីទេ លុះដល់វេលាម៉ោងប្រមាណ ១៥ និង ០០នាទី ជនរងគ្រោះកំពុងតែដើរចេញពីផ្សាររុងក្លឿប្រទេសថៃ មកដល់មុខកាស៊ីណូហ្គោលឌិនក្រោម ស្រាប់តែជនសង្ស័យទាញយកកាំបិតបុង័តោពីក្នុងអាវ កាប់មកលើខ្លួនសំដៅក្បាលតែខ្លួនបានយកដៃរង ក៏ត្រូវចំប្រអប់ដៃខាងស្តាំចំនួន ០១កន្លែង(របួសធ្ងន់) ហើយជនសង្ស័យបានព្យាយាមកាប់មកលើខ្លួនបន្ថែមទៀត តែត្រូវបានសន្តិសុខនៅទីនោះមកជួយអន្តរាគមន៍ទាន់ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះ នឹងកាំបិតបុង័តោ ពិតប្រាកដមែន ដោយខ្លួនមានកំហឹងជាមួយជនរងគ្រោះជាខ្លាំង ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមពាក្យបណ្តឹង និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ៖ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕
មតិយោបល់