ភ្នំពេញៈ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរ ម្នាក់បាក់ជើងឆ្វេង បាក់ស្មារឆ្វេង និងម្នាក់ទៀតបាក់ជើងស្តាំ បែកក្បាលធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកូរ៉ូឡា បើកបរដោយជនជាតិចិន ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូសេ១២៥ ជិះដោយជនរងគ្រោះ២នាក់។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតទ្បើងកាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង បំបែកជាបួយ ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ភាគីម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-6171 បើកបរដោយឈ្មោះ ឡូយ ភួន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិពងទឹក ឃុំព្រៃរំដេង ស្រុកមេងសាង ខេត្តព្រៃវែង រងរបួសបាក់ជើងស្តាំ និងបែកក្បាល រួមដំណើរជាមួយបុរសម្នាក់ ទៀតមិនស្គាល់អត្តសញ្ញាណ របួសធ្ងន់ធ្ងរ ។ ចំណែករថយន្តបង្ក ម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-7323 បើកបរដោយបុរសជនជាតិចិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូបើកឌុបគ្នាធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ត្រូវបានរថយន្តបង្ក បើកបរល្បឿនលឿនពីកើតទៅលិច ជ្រុលទៅបុកម៉ូតូពេញទំហឹង គៀបម៉ូតូពីមុខរថយន្ត ខណៈជនរងគ្រោះម្នាក់ផ្លោងខ្ទាតជិត១០ម៉ែត្រ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួច រួមជាជនជាតិចិនម្នាក់ ជាអ្នកបើកបរ ត្រូវបានប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោកក្រុង ដើម្បីចាត់ការបន្តតាមនិតិវិធី៕
មតិយោបល់