ព័ត៌មានជាតិ

ទើបទិញថ្នាំញៀនពីប្លុកត្រពាំងឈូកភ្នំពេញ ប្រុងចែកចាយបន្ត ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាលៈ ជនសង្ស័យវ័យក្មេងម្នាក់ ដែលទើបទិញថ្នាំញៀនបានពីប្លុកត្រពាំងឈូក រាជធានីភ្នំពេញ ហើយបម្រុងនឹងចែកបន្ត ក៏ត្រូវសមត្ថកិច្ចកំពុងជិះល្បាតចាប់ជាប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុង ភូមិបែកចាន ឃុំបែកចានស្រុក អង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ផល សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខែ្មរមុខរបរមិនពិត ស្នាក់នៅភូមិបែកចានឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល។

វត្ថុតាងចាប់បាន រួមមាន ១/ ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុញៀន ០៥កញ្ចប់តូច។ ២/កញ្ចប់បារីម៉ាកMEVIUSចំនួន០១ ដែកកេះ០១ ។ ៣/ទូរសព្ទ័ដៃម៉ាកអិនចុចពិលពណ៌លឿង០១ គ្រឿង។

សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលបែកចានសហការជាមួយផ្នែកជំនាញបានទទួលព័ត៌មានពីកំលាំងផ្ដល់ព័ត៌មានថា មានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ ទើបកំលាំងសមត្ថកិច្ច ធ្វើការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាបាន០១នាក់ដើម្បីត្រួតពិនិត្យ រកឃើញម្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន០៥កញ្ចប់តូចក្នងកញ្ចប់បារី(MEVIUS) ។

តាមចម្លើយសារភាពរបស់ជនល្មើសឈ្មោះផល សុខហេងប្រាប់ថាខ្លួន បានឡើងទៅទិញថ្នាំញៀននៅបឹងឈូកមុខពេទ្យលោកសង្ឃ។ បច្ចុប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់