(ភ្នំពេញ)៖បុរសម្នាក់ ត្រូវគេចាក់សម្លាប់ គ្រាបញ្ជូនទៅដល់មន្ទីពេទ្យ។ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ លោក ទេព បូរ៉ា បានប្រាប់ Post News ថា មានករណីឃាតកម្ម ពាក់ព័ន្ធនឹងរឿងគំនុំ ចាក់មួយកូនកាំបិត ចំកន្លែងបោះដៃផុតខាងស្តាំ បានកើតឡើង បណ្តាលឱ្យបុរសម្នាក់ស្លាប់ ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ។
បើតាមលោក ទេព បូរ៉ា កាលពីម៉ោង៨ យប់មុិញ នៅចំណុចមុខផ្ទះឈ្មោះ ចាន់ ប៊ុនថេត ភេទស្រី អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្ថិតនៅផ្ទះគ្មានលេខ ជាប់មាត់ទន្លេ ក្រុមទី៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវគេចាក់សម្លាប់។
សាកសព ឈ្មោះ រស់ ឌីម៉ង់ មុខសញ្ញាចេញពីពន្ធនាគាពីបទលួច អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមាត់ទន្លេ ក្រុម៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឡែក ជនសង្ស័យ ត្រូវសមត្ថកិច្ចប្រាប់ថា ឈ្មោះ ផាត ភី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលំ ក្រុម៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពេលនេះ បានគេចខ្លួន បាត់ហើយ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ កាលពីកន្លងមក ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាស់គ្នា ដេញកាប់គ្នាជាច្រើនលើក លុះដល់ម៉ោង៨ យប់ថ្ងៃទី១២ មេសា ២០១៦ នៅចំណុចកើតហេតុខាងលើ ស្រាប់តែអ្នកទាំងពីរ បានជួបគ្នាទាស់សម្តី ពេលនោះ ជនសង្ស័យ បានយកកូនកាំបិតចិបន្លែ ដងពណ៌លឿង ដែលលាក់នៅចង្កេះ មកចាក់ចំត្រង់កន្លែងបោះដៃផុត ខាងស្តាំ រួចជនសង្ស័យ រត់គេចខ្លួនបាត់។ ដោយឡែក ជនរងគ្រោះ ពេលនោះ ក៍បានស្រែកឱ្យគេជួយ រំពេចនោះ ប្រជាពលរដ្ឋនៅក្បែនោះ បានយកម៉ូតូដឹកជនរងគ្រោះ ដល់មន្ទីពេទ្យខ្មែរ-សូវៀត ស្រាប់តែដាច់ខ្យល់ស្លាប់ បាត់ទៅហើយ។
បច្ចុប្បន្ន ការិយាល័យវិទ្យាសាស្រ្តបច្ចេកទេស កំពុងធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ ក្រោយពីកោសល្យវិច្ច័យ ចប់សព្វគ្រប់ សមត្ថកិច្ច ក៍បានប្រគល់សាកសព ទៅឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ចំពោះជនសង្ស័យ ពេលនេះ បានគេចខ្លួន ប៉ុន្តែសមត្ថកិច្ច បានស្គាល់អត្តសញ្ញាណហើយ៕
មតិយោបល់