ភ្នំពេញៈ បុរសជាសន្តិសុខឯកជន៣នាក់ ចូលទៅផឹកស៉ីច្រៀងលេងនៅក្នុងខារ៉ាខេ យីហោ ម៉ាន់នី KTV ដោយនិយាយតថ្លៃគ្នាក្នុងមួយឈុត២០ដុល្លារ លុះដល់ពេលគិតលុយស្រាប់ស្រាប់តែអស់រហូតដល់៥៨ម៉ឺនរៀល ធ្វើឲ្យមានការកើតទុកមិនសុខចិត្ត រវល់ភ្ញៀវទៅលើម្ចាស់ហាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ត្រង់ចំណុច ហាងខារ៉ាអូខេយីហោ ម៉ាន់នីKTV តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសម្តីពីបុរសម្នាក់មានឈ្មោះ សុខ ជា អាយុ២៣ឆ្នាំ ជាសន្តិសុខឯកជន ស្នាក់នៅម្តុំអាកាសយន្តដ្ឋានភ្នំពេញអន្តរជាតិពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើរនៅស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដែលជាភ្ញៀវម្នាក់ក្នុងចំណោម៣នាក់បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់ទាំង៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីវីវ៉ា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC-4424 ទើបតែជិះចេញពីកន្លែងធ្វើការនៅម្តុំវិទ្យាល័យសន្ធរម៉ុក បំណងជិះត្រឡប់ទៅផ្ទះវិញនៅម្តុំពោធិ៍ចិនតុង។ ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច។ លុះខណៈពេលដែលជិះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរស២ទៅ៣នាក់បានរត់ចេញមកពីក្នុងហាងមកស្ទាក់ពីខាងមុខម៉ូតូរបស់ពួកគាត់ ដោយហៅពួកគាត់ឲ្យចូលទៅផឹកនៅខាងក្នុងហាងកើតហេតុខាងលើ ហើយប្រាប់ថាស្រាបៀរមួយឈុតតែ២៨ដុល្លារនេះទេ។ ពេលនោះពួកគាត់ក៏បានប្របែកមិនព្រមចូលនោះទេ បន្ទាប់មកបុរសដែលបានរត់មកស្ទាក់ពួកគាត់បានបញ្ចុះតម្លៃត្រឹម២៥ដុល្លារ រហូតនៅសល់តែ២០ដុល្លារក្នុងមួយឈុត ដែលក្នុងមួយឈុតមានស្រាបៀរមួយកេះ និងសាច់ក្លែមបួនមុខ ហើយដែលសាច់ក្លែមបួនមុខនោះមាន សណ្តែកដីមួយចាន ស្វាយក្រឡុកមួយចាន ប្រហិតក្តមមួយចាន និងសាច់ប៉ាត់តេមួយចាន។
ប្រភពដដែលបន្តថា ពេលនោះដោយពួកគាត់គិតថា តម្លៃថោក គួរសម រួចក៏សម្រេចចិត្តនាំគ្នាចូលទៅផឹកស៉ីច្រៀងលេងកម្សាន្តនៅក្នុងហាងកើតហេតុខាងលើ រួមទាំងពួកក៏បានយកនារីបម្រើការនៅក្នុងនោះមកអង្គុយជាមួយចំនួន៣នាក់ផងដែរ។ លុះដល់ពេលផឹកអស់ប្រមាណជិតកន្លះកេស ក៏ស្រាប់តែមានអ្នករត់តុលើសាច់ក្លែមមកឲ្យពួកគាត់បីទៅបួនចាន់បន្ថែមទៀត។ ពេលនេះពួកគាត់ក៏បានសួរទៅអ្នករត់តុថាគាត់មិនបានហៅសាច់ក្លែមទាំងនេះទេ ហើយអ្នករត់តុក៏បានឆ្លើយមកវិញថា អត់អីទេបង គឺសាច់ក្លែមទាំងនេះហ្វីទេបង។ ដោយឃើញសភាពមិនស្រួលពួកគាត់ក៏បានឲ្យអ្នករត់តុគិតលុយ មួយស្ទុះក្រោយមកអ្នករត់តុក៏បានចេញប៊ុងមកឲ្យពួកគាត់គឺអស់រហូតទៅដល់ចំនួន៥៨ម៉ឺនឯណោះ តែគាត់មិនមើលថាគេគិតទៅលើអ្វីខ្លះនោះទេ ដែលតម្លៃនេះគឺលើសពីតម្លៃដែលពួកគាត់បាននិយាយតថ្លៃគ្នាជាមួយនិងបុគ្គលិកដែលបម្រើការនៅក្នុងហាងនោះពីមុនពេលចូលផឹកស៉ីគឺ ដែលក្នុងមួយឈុតគឺតម្លៃតែ២០ដុល្លារនោះទេ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកពួកគាត់ប្រកែកមិនព្រមបង់លុយទៅឲ្យម្ចាស់ហាងកើតហេតុខាងលើនោះទេ ហើយស្រាប់តែមានបុរស៤ទៅ៥នាក់បានមកជេដៀលនិងគំរាមវាយមកលើពួកគាត់ប្រសិនបើមិនព្រមបង់លុយឲ្យទៅតាមប៊ុង ដែលបានចេញមកលើ រួមទាំងយកម៉ូតូរបស់ពួកគាត់ទៅទុកនៅក្នុងហាងថែមទៀតផង ទោះបីជាពួកគាត់ព្រមសម្រួលបង់លុយឲ្យចំនួន៣០ម៉ឺនរៀលយ៉ាងណាក៏ដោយ ក៏ខាងម្ចាស់ហាងកើតហេតុខាងលើមិនព្រមឲ្យពួកគាត់ចេញទៅនោះទេ។
ភ្លាមៗនេះពួកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្តង។ តែខណៈពេលដែលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ស្រាប់តែខាងម្ចាស់ហាងបានចេញប៊ុងថ្មីមួយទៀតដែលអស់តម្លៃ៥០ដុល្លារ ក្នុងស្រាបៀរមួយកេសតម្លៃ២០ដុល្លារ និងសាច់ក្លែមបួនចាន់ទៀតអស់ចំនួន៣០ដុល្លារ។
ចំណែកឯខាងភាគីម្ចាស់ហាងកើតហេតុខាងលើមិនបានចេញមុខមកប្រាប់ឲ្យដឹកច្បាស់ជុំវិញក្នុងករណីខាងលើនេះនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបាននាំជនរងគ្រោះដែលជាភ្ញៀវនិងបុរសម្នាក់ដែលជាបុគ្គលិកបម្រើការនៅក្នុងហាងកើតហេតុខាងលើទៅធ្វើការដោះស្រាយគ្នានៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ហើយបន្ទាប់មកភាគីខាងហាងខារ៉ាអូខេកើតហេតុខាងលើក៏ព្រមទទួលយកប្រាក់ពីភាគីខាងជនរងគ្រោះដែលជាភ្ញៀវចំនួន២០ដុល្លារដើម្បីបញ្ចប់រឿងនៅប៉ុស្តិ៍សមត្ថកិច្ច ។ ដោយឡែកម្ចាស់ហាងខាងលើត្រូវសមត្ថកិច្ចតម្រូវឲ្យធ្វើការកិច្ចសន្យាឲ្យឈប់ធ្វើសកម្មភាពបែបនោះទៅលើភ្ញៀវដ៏ទៃទៀតនោះទេ បើមិនដូច្នេះសមត្ថកិច្ចនិងធ្វើការចាត់ការទៅតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់