ភ្នំពេញៈ បុរសម្នាក់ដែលជាជនសង្ស័យ ក្រោយពីធ្វើសកម្មភាពឆបោកយកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរី២០១៦ ពីអ្នកស្គាល់គ្នាបានសម្រេចយកទៅបញ្ចាំបាត់ ហើយគេចខ្លួនបាត់អស់រយៈពេល៧ថ្ងៃ រហូតមកដល់វេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះប្រទះឃើញ ស្រែករត់ដេញទាំងប៉ូលិស អាវុធហត្ថនិងប្រជាពលរដ្ឋ ដេញដល់ក្នុងផ្សារដីហុយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចាប់ខ្លួនបាន អាវុធហត្ថនាំខ្លួនទៅសាកសួរ ។
ជនសង្ស័យខាងលើឈ្មោះ រិទ្ធ សីហា អាយុ២៥ឆ្នាំមុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកម្ចាក់ម៉ូតូមានឈ្មោះ សេះ សិទ្ធ អាយុ ៣៩ឆ្នាំ មុខរបរលក់ដូង ស្នាក់នៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមសម្តីជនរងគ្រោះ ខណៈដែលកំពុងសហការប្រដេញតាមចាប់ជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យគ្រាន់តែស្គាល់គ្នាក្នុងភូមិ ហើយត្រូវបានជនសង្ស័យឆបោកក្នុងរូបភាពខ្ចីម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-1972 កាលពី៧ថ្ងៃកន្លងទៅ នៅក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានសម្រេចហើយជនសង្ស័យបែរជាយកទៅបញ្ចាំបាត់ រួចគេចខ្លួន ទើបតែនៅវេលាម៉ោងខាងលើ ប្រទះឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង សេ១២៥ ស៊េរី២០១០ទៅវិញ នៅតាមផ្លូវ គ្រាន់តែហៅដើម្បីសាកសួរ បែជាជនសង្ស័យព្យាយាមបើករត់គេច ទើបស្រែកឲ្យជួយ ផ្តួលម៉ូតូចោល រត់ចូលក្នុងផ្សារ ទើបកម្លាំងអាវុធហត្ថ ប៉ូលីស ពលរដ្ឋ ជួយដេញតាមចាប់ខ្លួនបាន ។
ជនសង្ស័យបានប្រាប់ក្រោយចាប់ខ្លួនបានថា ម៉ូតូដែលឆបោកបាននោះ យកទៅបញ្ចាំនៅ ម្តុំឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកបាត់ហើយ ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យអាវុធហត្ថនាំទៅសាកសួរនៅបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់