ព័ត៌មានជាតិ

ស៊ីអវីសាកកម្លាំងជាមួយរថភ្លើង ប៉ើងក្រឡាប់ដូចកុនហូលីវូដ

ព្រះសីហនុៈ រថយន្តស៊ីអវី(CRV) មួយគ្រឿង ខណៈបើកឆ្លងផ្លូវដែកខ្វះការប្រុងប្រយ័ត្នត្រូវរថភ្លើងបើកបុកប៉ើងជាច្រើនត្រឡប់ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៤កក្កដានេះ នៅចំនុចផ្លូវដែកផ្លូវចូលរោងចក្រទឹកកក ស្ថិតនៅភូមិរំដួលជើងភ្នំ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថភ្លើងមានទិសដៅពីភ្នំពេញចូល មកក្រុងព្រះសីហនុ ស្រាប់តែមកចំនុចកើតហេតុខងាលើ ក៏បុករថយន្តម៉ាក HONDA CRV ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2J 1560 ដែលបើកបរដោយឈ្មោះ នួន ភាម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ណង សារ៉ែន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការគ្រឿងចក្រ បានរបួសធ្ងន់បាក់ឆ្អឹងដងកាំបិតខាងស្តាំ។ រីឯអ្នកបើកបររថយន្តរងរបួសស្រាល ហើយអ្នកទាំងពីររស់នៅ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្រោយកើតហេតុរថភ្លើងមិនបានឈប់នោះទេ ពោលគឺបានបន្តបើកចូលទៅស្ថានីយនៅក្រុងព្រះសីហនុដោយសុវត្ថិភាព។ ដោយឡែកជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនសេតេ ក្នុងក្រុងព្រះសីហនុភ្លាមៗផងដែរ៕

មតិយោបល់