ភ្នំពេញៈ យុវជនម្នាក់ទើបតែវ័យ១៧ឆ្នាំក្លាយជាអ្នកទោសស្នេហាហើយត្រូវឪពុកម្តាយខាងស្រីប្តឹងនគរបាលឲ្យចាប់ខ្លួនដោយចោទពីបទរួមរ័ក្សលើអនិតិជនអាយុទើប១៣ឆ្នាំ ដោយសារតែពួកគេលេងហ្វេសប៊ុកស្គាល់គ្នាបាន៣ខែហើយខាងស្រីលង់ស្នេហ៍សម្តីផ្អែម វិចបង្វិចចេញពីស្រុកមកជួបខាងប្រុស បាត់៣ថ្ងៃក្រោយទើបឪពុកម្តាយតាមស្វែងរកឃើញ។ ទើបប្តឹងនគរបាលឲ្យចាប់ខ្លួន កាលពីវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅបន្ទប់ជួលក្នុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវជនជាប់ចោទឈ្មោះ សម ឧត្តម ហៅឌី អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៤២ ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែកនារីរងគ្រោះ ឈ្មោះ ស អ ន អ រ ស អាយុទើប១៣ឆ្នាំ ជាអនិតិជន។
តាមអាណាព្យាបាលក្មេងស្រីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់បានរត់ចេញពីផ្ទះបាត់កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ក្រុមគ្រួសារឆោឡោ ស្វែងតាមរក ទីបំផុតឆែករកតាមរយៈហ្វេសប៊ុក ទើបរកឃើញទីតាំងមកសម្ងំស្នាក់នៅជាមួយយុវជនម្នាក់ខាងលើហើយក៏ ប្តឹងនគរបាលឲ្យឃាត់ខ្លួនខាងប្រុសតែម្តង។
ជណសង្ស័យបានឆ្លើយសារភាពថា ពួកគេស្គាល់គ្នាតាមរយៈលេងហ្វេសប៊ុករយៈពេល៣ខែមកហើយ សុំស្នេហ៍សុំស្រឡាញ់គ្នាតាមរយៈទំនាក់ទំនងសារ ផ្អែមល្ហែមកាន់តែស៊ីជម្រៅ រហូតដល់យប់ថ្ងៃទី១៤ ខែឧសភា កន្លងមកនាងវិចបង្វិចរត់មកជួបគ្នា ចូលដេកក្នុងផ្ទះសំណាក់យីហោ ស្កាយ នៅបានមួយយប់ បានទាំងរួមភេទ លុះដល់ថ្ងៃទី១៥ ខែឧសភា ទើបនាំគ្នាទៅជួលបន្ទប់ស្នាក់នៅរួមចូលគ្នា នឹកថាបានសុខក្សេមក្សាន្ត មកដល់យប់ចូលថ្ងៃទី១៨ ខែឧសភានេះ ត្រូវឪពុកម្តាយខាងស្រីមកតាមរកឃើញនាំសមត្ថកិច្ចឲ្យចាប់ខ្លួនគេតែម្តង។
បច្ចុប្បន្នយុវជនជាប់ចោទ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខនិង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលក្រោយ ៕
មតិយោបល់