ព័ត៌មានជាតិ

រថយន្តកាមេរីបាឡែន បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចមួយកង់

ភ្នំពេញ: រថយន្តកាមេរីបាឡែនមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនពេក ក៏រ៉េចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតទ្រូងផ្លូវ១កង់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៥ កែងផ្លូវ ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកកាមេរីបាឡែន ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-9760 លុះមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញ១កង់ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងឆ្វេងរថយន្ត បន្តដំណើរទៅមុខលែងរួច ហើយតាកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត សំណាងល្អហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់