ភ្នំពេញៈ គេមិនដឹងថាខ្សែរឿង«៣០ថ្ងៃ»ដែលបានផលិតឡើងដោយផលិតកម្មមហាហង្ស ដាក់បង្ហោះតាំងពីពេលណានោះទេ ប៉ុន្តែអ្វីដែលគេកត់សម្គាល់គឺឈុតខ្លីដែលបង្ហាញពីខ្លឹមសារសំខាន់ៗនៅក្នុងរឿងមួយនេះ ត្រូវគេមើលឃើញថាលោតខ្លាំងដោយសារតែមានភាពទាក់ទាញ និងកំពុងធ្វើឲ្យកំរើកនៅបណ្ដាញYouTube ដោយសារតែមានអ្នកទស្សនាច្រើនជារៀងរាល់ថ្ងៃ អមដោយការចែកចាយចេញគគ្រឹគគគ្រេងនៅហ្វេសប៊ុករបស់យុវវ័យ។
វីដេអូខ្លីដែលបង្កប់ដោយសំណើច និងភាពភ័យរន្ធត់រហូតកន្ទ្រាក់អារម្មណ៍អ្នកទស្សនាឲ្យចែកចាយបណ្ដាក់ក្នុងប៉ុន្មានថ្ងៃនេះ ត្រូវគេចាត់ទុកថាជា Trailer រឿងមួយ ដែលមានការជជែកដេញដោលគ្នាច្រើនថាមានចំណុចទាក់ទាញ និងគួរឲ្យចង់សើច។ រឿងនេះបើតាមការអះអាងថាគឺរហូតដល់ថ្ងៃទី៣០ សីហា ឯណោះទើបធ្វើការដាក់បញ្ចាំង អ៊ីចឹងហើយទើបការបង្ហោះTrailer រឿងនេះ អាចលោតខ្លាំងក្នុងអារម្មណ៍អ្នកលេងហ្វេសប៊ុក និងនៅបណ្ដាញ YouTube ។
កញ្ញា ភិន សុដាលីស អ្នកគ្រប់គ្រងទូទៅការផលិតភាពយន្តរបស់ផលិតកម្មមហាហង្សបានអះអាងថា ហេតុផលដែលនាំឲ្យវីដេអូ Trailer របស់រឿង«៣០ថ្ងៃ» សម្រេចដាក់បង្ហោះជាសាធារណៈតាំងពីដើមខែសីហាពីចម្ងាយមុនដាក់បញ្ចាំងនេះ គឺដោយសារតែចង់បង្ហាញពីគុណភាព និងចង់ស្ទាបស្ទង់ការគាំទ្រ។ នាងបានសម្ដែងអារម្មណ៍រីករាយ បន្ទាប់ពីឈុតខ្លីក្នុងរឿងនេះទទួលបានការចាប់អារម្មណ៍។ រឿងនេះត្រូវគេឃើញប្រមូលផ្ដុំដោយតារាកំប្លែង និងតារាល្បីៗ អមដោយការប្រកាសថាមានខ្ទង់ចំណាយច្រើន។
ក្នុងនោះគុណភាព និងភាពឥតខ្ចោះរបស់រឿង«៣០ថ្ងៃ» ក៏ជាអ្វីដែលជំរុញឲ្យផលិតកម្មមហាហង្សដាក់បង្ហោះTrailer មួយនេះផងដែរ។ អ្នកនាងថារឿង«៣០ថ្ងៃ»ជារឿងដែលផលិតក្នុងកម្រិតទុនខ្ពស់ ហើយបើនិយាយពីគុណភាពវិញ គឺមានកម្រិតខ្លាំងជាងរឿង«អាព្រឿងងាប់ហើយ» ទើបក្រុមការងារសម្រេចបង្ហោះTrailer ពីចម្ងាយ ហើយយើងឃើញថាឈុតខ្លីនឹងចេញមកគឺទាក់ទាញច្រើន!»។ អ្នកនាងរំពឹងថាឈុតដែលបានបង្ហោះនេះនឹងកាន់កន្ត្រាក់ការចាប់អារម្មណ៍បានច្រើនថែមទៀត ជាពិសេសក្នុងពេលខ្សែរឿងកៀកនឹងដាក់បញ្ចាំងផ្លូវការ៕
https://youtu.be/6LeIqDH-Rv8
មតិយោបល់