ភ្នំពេញ ៖ សន្តិសុខម្នាក់ដែលបម្រើការងារនៅផ្សារហ្គោលឌិនសូរិយាម៉ល បានស្លាប់ ដោយសារតែថៅកែផ្សារប្រើឲ្យឡើង ប្រក់ដំបូលសង្ក័សី រួចក៏របូតដៃធ្លាក់មកក្រោមបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ព្រោះប្រើមនុស្សខុសជំនាញ។
ហេតុការណ៍នោះបានកើតឡើងកាលពី វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ក្នុងបរិវេណផ្សារហ្គោលឌិនសូរិយាម៉ល ស្ថិតតាមបណ្ដោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ លៀង ច័ន្ទពិសិដ្ឋ អាយុ៣១ឆ្នាំ បម្រើការងារជាសន្តិសុខផ្សារហ្គោលឌិនសូរិយាម៉ល ស្នាក់នៅផ្ទះលេខ២១៥ E2 ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ មានប្រពន្ធឈ្មោះ ឡៅ លក្ខិណា អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានកូនក្នុងផ្ទៃ៥ខែ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបាន ថៅកែផ្សារបានប្រើជនរងគ្រោះឡើងប្រក់សង្ក័សីលើដំបូលផ្សារត្រង់កន្លែងធ្លុះធ្លាយ ដោយជនរងគ្រោះគ្មានជំនាញផ្នែកប្រក់ដំបូលទាល់តែសោះ ។ លុះឡើងដល់លើដំបូលបាន មួយសន្ទុះកំពុងធ្វើតាមបញ្ជារបស់ថៅកែ ស្រាប់តែជនរងគ្រោះធ្លាក់មកក្រោមកម្ពស់ប្រហែល៥ម៉ែត្រ បណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗតែម្តង។
បន្ទាប់ពីជនរងគ្រោះបានធ្លាក់ ត្រូវបានក្រុមសន្តិសុខដែលធ្វើការជាមួយគ្នាដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យសង់ត្រាល ដោយថៅកែផ្សារព្យាយាមបិទបាំងព័ត៌មាន មិនឲ្យអ្នកសារព័ត៌មានដឹងនោះទេ ។ នៅពេលអ្នកសារព័ត៌មានទៅថតរូបភាពនៅកន្លែងកើតហេតុ ក្រុមសន្តិសុខផ្សាររារាំងមិនឲ្យថតឡើយ ដោយពួកគេនិយាយថា មេរបស់ពួកគេមិន អនុញ្ញាតឲ្យអ្នកណាថតរូបភាពនៅកន្លែងនេះទេ។
បើតាមសម្តីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ការស្លាប់នេះ ខាងភាគីថៅកែផ្សារមិនទទួលខុសត្រូវ ឬដោះស្រាយឲ្យបានត្រឹមត្រូវទេ ហើយពួកគាត់នឹងដាក់ពាក្យប្តឹងថៅកែផ្សារហ្គោលឌិនសូរិយាម៉លទៅស្ថាប័នមានសមត្ថកិច្ចជាអ្នកដោះស្រាយ ដោយសង្ឃឹមថា ច្បាប់នឹងផ្តល់យុត្តិធម៌ជួន៕

មតិយោបល់