បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន ក្រោយបានប្រើប្រាស់គ្រឿងញៀនរួចវាយធ្វើបាបប្រពន្ធ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះ ដែត សារ៉ុម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាគ្រៀម ឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានពាក្យបណ្តឹងពីស្ត្រីម្នាក់ឈ្មោះ ឆាត ចាន់រី អាយុ៣១ឆ្នាំ(ត្រូវជាប្រពន្ធ) បានប្តឹងឈ្មោះ ដែត សារ៉ុម ចោទប្រកាន់ពីបទប្រើអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធ និងប្រើប្រាស់គ្រឿងញៀនហើយនោះ ទើបលោកអនុសេនីយ៍ឯក សរ សុភក្រ្តា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនយកមកបញ្ជាការមូលដ្ឋានក្រុងដើម្បីសាកសួរ ហើយកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
បើតាមការស្ដាប់ចម្លើយស្ត្រីរងគ្រោះឈ្មោះ ឆាត ចាន់រី បានប្រាប់ថា ក្រោយពេលរស់នៅជាមួយប្តីអស់រយ:ពេល១៣ឆ្នាំ កន្លងមកនេះ គឺប្តីបានប្រើប្រាស់គ្រឿងញៀន ហើយវាយធ្វើបាបរហូតទ្រាំលែងបាន ក៏រត់ទៅរស់នៅបន្ទប់ជួលជាមួយមិត្តភក្តិស្រី ដែលធ្វើការងារនៅក្រុងប៉ោយប៉ែតជាមួយគ្នា ពេលនោះប្តីបានតាមមករករឿងនិងធ្វើសកម្មភាពយកកាំបិតចុងស្រួចដេញចាក់រូបគាត់បណ្តាលឲ្យរងរបួសម្រាមដៃខាងឆ្វេង(ស្រាល) កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកនេះ។
ក្រោយពីសមត្ថកិច្ចសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តអំពើដូចពាក្យបណ្ដឹងរបស់ប្រពន្ធខ្លួនពិតប្រាកដមែន។ ដោយបានចម្លើយសារភាព និងភស្ដុតាងជាក់លាក់ហើយនោះ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
មតិយោបល់