ភ្នំពេញៈ រថយន្តដឹកកុងតឺន័រ១គ្រឿងបានបើកបរប្រកៀកប្រកិតពីក្រោយរថយន្តសម្រាប់ដឹកកុងតឺន័រដូចគ្នា១គ្រឿងទៀត លុះបន្តិចក្រោយមករថយន្តដែលបើកខាងមុខបានបត់ឆ្វេងដៃធ្វើឲ្យរថយន្តដែលបើកតាមពីក្រោយនោះវាក់ជាន់ហ្វ្រាំងមិនជាប់ក៏បានបុកពីក្រោយពេញទំហឹងរងការខូចខាតយ៉ាងដំណំតែម្ដង ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសឡើយ។
ករណីនេះបានកើតឡើងកាលពីវេលម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តដែលបើកបុកគ្នានោះ១គ្រឿងដែលបើកបុកពីក្រោយគេហើយរងការខូចខាតខ្លួនឯងនោះ ម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3B-1765 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ផែស្ងួត តេងឡាយ។ រថយន្តនេះមានដឹកទូកុងតឺន័រ ចំណែក១គ្រឿងទៀតម៉ាកFREIGHTLANER ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ3C-4469។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង២គ្រឿងបានបើកបរធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តម៉ាកFREIGHTLANER ដែលបើកខាងមុខបានបត់ឆ្វេង ដែលជាហេតុធ្វើឲ្យរថយន្តហ៊ីណូដែលកំពុងបើកប្រកៀកប្រកិតពីក្រោយវ៉ាក់គេចមិនទាន់បុកពីក្រោយពេញទំហឹងតែម្ដង។ ក្រោយពេលកើតហេតុភាគីទាំង២បានសម្របសម្រួលគ្នាបញ្ចប់រឿងដោយគ្មានសំណងឡើយគឺរថយន្តដែលខូចខាតដោយបុកគឺពីក្រោយត្រូវបានម្ចាស់យកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕
មតិយោបល់