តាកែវៈ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ រួមនឹងវត្ថុតាង(ថ្នាំញៀន)ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤០នាទី នៅចំណុចបណ្ដោយផ្លូវជាតិលេខ២ ភូមិកណ្ដឹង ឃុំកណ្ដឹង ស្រុកបាទី ខណៈដែលជនសង្ស័យកំពុងជិះធ្វើសកម្មភាព។
ជនសង្ស័យទាំង២នាក់ មានទី១ឈ្មោះ ជា រ៉ាដា ភេទប្រុស អាយុ២៣ឆ្នាំ(មុខរបរមិនពិតប្រាកដ) រស់នៅភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង និងទី២ឈ្មោះ អ៊ូ ប្រុសនាង ភេទប្រុស អាយុ២៨ឆ្នាំ(មុខរបរមិនពិតប្រាកដ) រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៤កញ្ចប់(ធំ៣កញ្ចប់) ខ្សែក១ខ្សែ ខ្សែដៃ១ខ្សែ និងរថយន្ត១គ្រឿង៕
មតិយោបល់