ភ្នំពេញៈ ក្មេងទំនើងចំនួន ២៨នាក់ មានម៉ូតូ ១២គ្រឿង នាំគ្នាលាក់ដាវកាំបិតត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចំនួន ៣នាក់ ឃាត់ខ្លួនបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខការាស់សាំងលីមឡុង ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូរបស់ក្មេងទំនើងមានចំនួន ១៣គ្រឿង និងវត្ថុតាងដាវកែឆ្នៃចំនួន ៥ដើមកាំបិតប៉័ងតោចំនួន ១ដើម ជំពាមកៅស៊ូចំនួន១។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទាំង ៣មាន (ប៉ុស្តិ៍នគរបាលចោមចៅទី១ ចោមចៅទី២ និងចោមចៅទី៣) បានអោយដឹងថានៅមុនពេលកម្លាំងសមត្ថកិច្ច ចុះប្រតិបត្តិការក្នុងករណីឃាត់ក្មេងទំនើងខាងលើ ដោយប្រជាពលរដ្ឋដ៏ល្អម្នាក់បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ ដើម្បីចុះមកកន្លែងកើតហេតុដោយឃើញយុវជនមួយក្រុម បានតំរាបម៉ូតូជាច្រើនគ្រឿង ហើយមានការសង្ស័យ ព្រោះប្រជាពលរដ្ឋតែងធ្លាប់ឃើញយុវជនក្មេងទំនើងអូសដាវ នៅចំណុចកើតហេតុជារាងរាល់ថ្ងៃ ដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈ និងបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង។
ប្រភពពត៌មានបានបន្តទៀតថា ខណៈពេលទទួលដំណឹងភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៣ បានសហការគ្នាមកឆែកឆេរ នៅចំណុចកើតហេតុដោយក្មេងទំនើងទាំងនោះ បានលាក់ដាវក្នុងប្រឡាយទឹកមុខការាស់សាំងខាងក្រោយម៉ូតូ។ នៅពេលនោះផងដែរ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៣ បានឃាត់ជនជាក្មេងទំនើងខាងលើ យកទៅផ្នែកព្រហ្មទណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
មតិយោបល់