ភ្នំពេញៈ បុរសម្នាក់បានបាក់ក ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអណោចអធ័ម និងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលពួកគេទាំងពីរនាក់ បានជិះម៉ូតូបោះពួយក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នា បុកគ្នាយ៉ាងពេញទំហឹងលាន់ឭតែប្រាវ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣ និង៤៥ នាទីរសៀល ថ្ងៃទី ៣៧ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុចមុខផ្ទះលេខ១៥៧៣ ផ្លូវជាតិលេខ១ ភូមិជ្រោយ អំពិល ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកច្ចបានឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ប្រុស រដ្ឋា អាយុ ២៤ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន មានទីលំនៅក្នុងភូមិស្រែអំពិល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង បុរសម្នាក់ដែលរងរបួសធ្ងន់មានឈ្មោះ ជួន វិចិត្រ អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ សព្វថ្ងៃស្នាក់នៅផ្ទះជួលម្តុំគៀន ស្វាយ និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។
មុនពេលកើតហេតុ គេមិនបានដឹងថា បុរសទាំងពីរនាក់ ម្នាក់ណាបានជិះ ម៉ូតូពីខាងណាទៅខាងណាឡើយដោយគ្រាន់តែបានដឹងថា ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយបុរសរងគ្រោះ ដែលស្លាប់ បាត់បង់ជីវិតបានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1P-1442។ ចំណែកឯម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-3504 មួយគ្រឿង។ លុះមកដល់ចំណុច កើតហេតុខាងលើ ម៉ូតូរបស់ពួកគេ បានបុកគ្នា យ៉ាងពេញទំហឹង ដោយបណ្តាលឲ្យបុរសម្នាក់បាក់កស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។ ចំណែកឯបុរស ម្នាក់ទៀតបានសន្លប់ស្តូកស្តឹងរងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯម៉ូតូទាំង ២គ្រឿងក៏រងការខូចខាតយ៉ាងដំណំដូចគ្នាផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានហៅរថយន្តសាមុយ មកដឹកយកបុរសរសដែលរងរបួសធ្ងន់យកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ហើយសាកសពបុរសដែលស្លាប់ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅឯផ្ទះវិញផងដែរ។ ចំណែកឯម៉ូតូទាំង ២គ្រឿងត្រូវបានបញ្ជូនទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក្រោយពីធ្វើការវាស់វែងគ្នារួច ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ជាបន្តទៅទៀត៕
មតិយោបល់