តាកែវៈ កាលពីវេលាម៉ោង៤ និង១០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់មន្ត្រីសាលាស្រុកបាទីម្នាក់ នៅចំណុចផ្លូវជាតិលេខ២ ក្នុងស្រុកសំរោង ខេត្តតាកែវ។
ករណីនេះ បង្កឡើងដោយរថយន្តម៉ាក ស៊ាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AI-7584 បើកពីជើងមកត្បូង បានបុកជាមួយម៉ូតូសង់ សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ តាកែវ 1M-6588 ដែលបើកបញ្ច្រាសគ្នា បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយបន្តទៀត។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់