ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់ ស្នើឲ្យអន្តរជាតិស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស របស់អាមេរិក

អ៊ីរ៉ង់ៈ ប្រមុខមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ayatollah Seyyed Ali Khamenei បានស្នើឲ្យអង្គការសហប្រជាជាតិ ថ្កោលទោសចំពោះការរំលោភសិទ្ធិមនុស្សជាច្រើន ដែលកំពុងបន្តកើតមាន ពីសំណាក់រដ្ឋាភិបាលអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។

សំណើរបស់លោក Khamenei បានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់ កាលពីថ្ងៃទី២៤ ខែឧសភា ជាមួយមន្រ្តីអ៊ីរ៉ង់ ដែលក្នុងនោះលោក បានកត់សម្គាល់ថា អង្គការសហប្រជាជាតិ ត្រូវបញ្ឈប់ ក៏ដូចជាតាមដានលើការរំលោភបំពានសិទ្ធិមនុស្ស និងអំពើឃោរឃៅផ្សេងៗទៀត ដែលបានអនុវត្តកន្លងមករបស់អាមេរិក។

ជាក់ស្ដែងលោក បានលើកទ្បើងថា រយៈពេលកន្លងមកនេះ UN ក៏ធ្លាប់បានថ្កោលទោសចំពោះឧក្រិដ្ឋកម្មនៅអារ៉ាប៊ីសាអ៊ូឌីត ប្រឆាំងនឹងប្រជាជនយេម៉ែនផងដែរ ដែលវាបានកើតទ្បើង ដោយសារស្ថិតក្រោមសម្ពាធរបស់អាមេរិក។

ក្នុងនោះលោកបានរៀបរាប់អំពីឧប្បត្តិហេតុជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការមិនគោរពសិទ្ធិមនុស្ស របស់ភ្នាក់ងារសហព័ន្ធនៅក្នុងរដ្ឋាភិបាលអាមេរិក រួមទាំងការឃុំឃាំង ក៏ដូចជាការធ្វើទារុណកម្មយ៉ាងឃោរឃៅ ទៅលើជនជាប់ឃុំនៅមជ្ឈមណ្ឌលឃុំឃាំង Guantanamo និងពន្ធនាគារ Abu Ghraib របស់អ៊ីរ៉ាក់ ព្រមទាំងពន្ធនាគារអាមេរិក នៅអាហ្គានីស្ថានជាដើមផងដែរ៕

មតិយោបល់