ព័ត៌មានជាតិ

មួយមិនប្រកាន់ស្តាំ មួយទៀតបើកលឿន បុកគ្នាពេញទំហឹង ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!..

សៀមរាប: លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាននគរបាលស្រុកពួក បានប្រាប់ Post News ថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូបុកម៉ូតូ ក្នុងគោលដៅបញ្រ្ចាសទិសគ្នា នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងកើតផ្លូវទៀរបាញ់ទឹកដី ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1B 2949 បើកបរដោយ ឈ្មោះ ស៊ត់ សី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ល្វា ឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ(ក្រោយពេលកើតហេតុរត់គេចខ្លួន)បើកបរពីជើងទៅត្បូងហើយបត់ស្ដាំទៅទិសខាងលិច ត្រូវបានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ សៀមរាប1P 4931 បើកបរដោយឈ្មោះ ពេជ្រ សាយ័ន្ត ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិ ប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប មុខរបរធ្វើស្រែ ឌុបគ្នាម្នាក់ពីក្រោយ ភេទ ប្រុស អាយុប្រហែល៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បើកបរពីលិចទៅកើត រួចបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងជើង។ បណ្តាលឲ្យអ្នកបើកបរម៉ូតូ របួសធ្ងន់ និង អ្នកជិះពីក្រោយស្លាប់ នៅនឹងកន្លែងកើតហេតុ។
មូលហេតុ អ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីមស៊េរី២០១៤ បើកបរបត់ឆ្វេងនិងមិនប្រកាន់ស្តាំខ្វះការប្រុងប្រយ័ត្ន និងម៉ូតូ១ទៀតបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សាទុក៕

មតិយោបល់