ព័ត៌មានជាតិ

ស្ដៅ ផ្តល់គុណសម្បត្តិដល់សុខភាព

ក្រៅពី​ផ្លែ​ម្រះ​ហើយ នៅមាន​បន្លែ​របស់​ខ្មែរ​យើង​មួយ​ប្រភេទ​ទៀត​ដែល​ល្បីឈ្មោះ​ខ្លាំង​ក្នុង​រឿង​ល្វីង នោះ​គឺ “ស្ដៅ” ដល់​ថ្នាក់​មានមុខ​ម្ហូប ត្រីអាំង​ជ្រលក់​ទឹកត្រី​អម្ពិល​ទុំ​ជូរអែម ដើម្បីឱ្យ​រសជាតិ​ផ្អែម​ជូរ​មក​សង្កត់​រសជាតិ​ល្វីង​ឱ្យ​ទទួលបាន​រសជាតិ​ដែល​ងាយស្រួល​បរិភោគ​ហ្នឹងឯង។

សួរថា ហេតុអ្វី​បានជា​ជនជាតិខ្មែរ​យើង​ត្រូវ​ខំព្យាយាម​យក​បន្លែ​ស្ដៅ​មហា​ល្វីង​នេះ​មក​ធ្វើជា​មុខម្ហូប​ឱ្យ​ងាយស្រួល​ទទួលទាន ជំនួស​ឱ្យ​ការចៀស​មិនចាំបាច់​ទទួលទាន​តែម្ដង​ទៅធ្វើ​អី? ចម្លើយ ព្រោះ​ស្ដៅ​មាន​ប្រយោជន៍​ដ៏​ច្រើន​ដែល​មានគុណ​តម្លៃ​ហួស​នឹង​បោះចោល ឬ​ទុកឱ្យ​ចាស់​ងាប់​នៅលើ​ដើម​ហ្នឹងឯង។ បើ​ពាក្យចាស់​និយាយថា “ផ្អែម​គឺ​នំ ល្វីង​គឺ​ថ្នាំ” នោះ ស្ដៅ​គឺជា​កំពូល​ឱសថ​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ ​ដែល​មិត្ត​អ្នកអាន​បានដឹង​ហើយ​អាច​នឹង​ចង់ទទួលទាន​ខ្លាំង​ឡើង​ក៏​អាច​ថា​បានដែរ។

  • ឫស​របស់​ដើម​ស្ដៅ យកមក​ស្ងោរ​យក​ទឹក​ពិសា ​ដើម្បី​ជួយ​បណ្ដេញ​ស្លេស្ម៍​ក្នុង​ច្រមុះ និង​បំពង់ក។
  • សម្បក​ដើម​ស្ដៅ នាំយកមក​ធ្វើជា​ថ្នាំ​ល្វីង​ជួយ​ឱ្យ​ពិសា​បាយ​បាន បំបាត់​អាការ​រាករូស និង​យកមក​ស្ងោរ​យក​ទឹក​មក​លាង​របួស ឬ​ដំបៅ។
  • ដើម យកមក​ធ្វើជា​ថ្នាំ​បំបាត់​អាការ​ក្អួត-ចង្អោរ បំបាត់​អាការ​ខ្យល់ គ្រុនក្ដៅ​ខ្លួន និង​គ្រុន​រងា​ញាក់។
  • ស្លឹក​ស្ដៅ ជួយ​បណ្ដេញ​ទឹក​រំលាយ​អាហារ​នៅក្នុង​ក្រពះ ជួយ​ឱ្យ​រំលាយ​អាហារ​បាន​ច្រើនឡើង។ បំបាត់​គ្រុនក្ដៅ សម្លាប់សត្វ​ល្អិត​ក្នុង​ពោះវៀន បំប៉ន​លោហិត និង​បំបាត់​អាការ​ក្ដៅ​ក្នុង​ស្រេកទឹក។
  • ផ្កា​ស្ដៅ ជួយ​ព្យាបាល​រោគ​ឫសដូង​ក្នុង​បំពង់ក និង​បំប៉ន​ធាតុផ្សេងៗក្នុង​រាងកាយ។
  • ផ្លែ​ស្ដៅ​ខ្ចី ជួយ​ព្យាបាល​រោគ​ឫសដូង សម្លាប់សត្វ​ល្អិត​ក្នុង​ពោះវៀន ព្យាបាល​អាការ​បត់ជើងតូច​ខុស​ប្រក្រតី និង​ជួយ​ឱ្យ​ពិសា​បាយ​បាន។
  • ផ្លែ​ស្ដៅ​ចាស់ យកមក​ធ្វើជា​ថ្នាំ​ទម្លាក់​សត្វល្អិត ព្យាបាល​អាការ​រាក​មួល​មាន​សំបោរ​ឈាមជា​ថ្នាំ​បញ្ចុះលាមក និង​ព្យាបាល​រោគ​បេះដូង​លោត​ខុស​ប្រក្រតី។
  • ជ័រ​ស្ដៅ ជួយ​ពន្លត់​ពិស​កម្ដៅ ដក​ពិស​គ្រុនក្ដៅ។

យ៉ាងណាក៏ដោយ ទោះជា​ស្ដៅ​មានគុណ​ប្រយោជន៍​ច្រើន​ក៏ដោយ តែ​ក៏​មិនមែនជា​ឱសថ​ទិព្វ​គ្រប់គ្រង​ចក្រវាឡ​ដែល​អាច​ព្យាបាល​រោគផ្សេងៗឱ្យ​ជា​ដាច់ស្រឡះ​បាន​ទាំងអស់​ដែរបើសិនជា​សាកល្បង​ពិសា​ហើយ អាការផ្សេងៗទាំងនោះ​នៅតែ​មិនបាន​ធូរស្រាល​ឡើង​នោះ គួរ​ប្រញាប់​រូតរះ​ទៅ​ជួប​គ្រូពេទ្យ​ប្រសើរ​ជាង ហើយ​បើជា​ស្ត្រី​មានគភ៌ ឬ​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ជំងឺ​ឡើង​ឈាម រោគ​ក្រពះ​ផង​នោះ គួរ​ប្រឹក្សា​គ្រូពេទ្យ​មុន​ទទួលទាន​ថ្នាំ​ស្ដៅ ដើម្បី​កុំឱ្យ​អាការ​របស់​ជំងឺ​កាន់តែ​អាក្រក់​ទៅ៕

 

មតិយោបល់