ព័ត៌មានជាតិ

ល្បែងឆ្នោតថៃ និងវៀតណាម ត្រូវបានគេបើកឲ្យលេងដោយសេរី នៅក្រុងសៀមរាប

សៀមរាបៈ​ ល្បែង​ឆ្នោត​ថៃ​ និង​វៀតណាម​ត្រូវបាន​បើក​ឲ្យ​លេង​ដោយ​ចំហ​នៅ​ក្រុង​សៀមរាបផ្គើន​យ៉ាង​ពេញទំហឹងទៅ​នឹង​បទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ​ស្តីពី​ភូមិ​ឃុំ​ មាន​សុវត្ថិភាព​ ហើយ​ករណីនេះ ​គេ​ទម្លាយ​មក​ថា ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ អស់​រាប់​លាន​រៀល​ក្នុង​១​ខែៗ​ ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​។

បើតាម​ប្រភព​ បាន​ទម្លាយ​មក​ថា​ ​ល្បែង​ឆ្នោត​ថៃ ​និង​ឆ្នោត​វៀតណាម​នេះ ​ត្រូវ​បាន​ក្រុម​អ្នកលេង​ក្នុង​ខេត្តសៀមរាប​ សប្បាយចិត្ត​ និង​បើក​ឲ្យ​គេ​ចាក់​ដោយ​សេរី​ទៅតាម​តូច​ ឬ​ ធំ​ស្រេច​តែ​ចិត្ត​ក៏​មេ​ចាំ​ទទួល​ជា​និច្ច​។

ប្រភព​បាន​ទ ម្លាយ​ឲ្យ​ដឹង​ទៀតថា​ ការបើក​ឲ្យ​លេងឆ្នោត​ដោយ​សេរី​នៅក្នុង​ខេត្តសៀមរាប​នេះ​ដែរ​គឺ​ដោយមាន ​ខ្នងបង្អែក​ជា​សមត្ថកិច្ច​ធំៗ​ មួយចំនួន​បាន​ប្រើ​ឲ្យ​មន្ត្រី​ក្រោមឱវាទ​ចំនួន​២​នាក់​ ជា​អ្នកដើរ​ប្រមូល​សេដ្ឋកិច្ច​ ឡើង​ឲ្យ​ជា​រៀងរាល់ថ្ងៃ​គឺ​ទី១.​ឈ្មោះ ​ទូ ​និង​ទី​២.​ឈ្មោះ ​ស្គាល់​។​ ចំពោះ​ទីតាំង​ដែល​បើក​ឲ្យ​លេង​ដោយ​សេរី​នោះ​គឺ​នៅ​ខាងក្រោយ​ផ្សារលើ​,​ ក្នុង​ផ្សារ​សាមគ្គី​,​ជិត​វត្ត​ពោធិ៍​លង្កា​,​ ផ្សារ​ដើម​ក្រឡាញ់ ដែល​មាន​មេ​ធំ​ ចំនួន​៣នាក់ ​មកពី​ភ្នំពេញ ​គឺ​ទី​១.​ឈ្មោះ ​ណេ​ និង​ អា​ភ័ណ្ឌ​ ដែល​ជា​មេ​ប្រចាំ​ខេត្ត​សៀមរាប ​ហើយ បញ្ជូន​តទៅ​ឲ្យ​មេ​ធំ​វា​នៅ​ភ្នំពេញ​ឈ្មោះ​ ពេ​ជដា នឹ​ង​ សំ អ៊ុន។​

ប្រភព​ បន្តថា​ បន្ទាប់ពី​មានការ​បើក​ឲ្យ​លេងល្បែង​ឆ្នោត​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ទេសចរណ៍​នេះ​ហើយ​ទើប​គេ​សង្កេតឃើញ​មាន​ករណី​ចោរកម្ម​ផ្សេងៗ​កើតមាន​ជា​ហូរហែ​ហើយ​ករណីនេះ​ពលរដ្ឋ​មាន​ក្តី​កង្វល់​ពី​សេចក្តី​សុខ​សុវត្ថិភាព​របស់​ពួកគាត់​យ៉ាងខ្លាំង​បន្ទាប់ពី​ឃើញ​សភាព​យ៉ាង​ដូច្នេះ​។ បច្ចុប្បន្ននេះ​ ល្បែង​ឆ្នោត​ត្រូវ​បាន​គេ​ធ្វើ​ច្បាប់​ឲ្យ​ថា​ ជា​ឆ្នោត​ខ្មែរ​តែ​ផ្ទុយទៅវិញ​មាន​លក់​តែ​ឆ្នោត​សៀម​និង​យួន​ទៅវិញ​។

ទាក់ទិន​ទៅ​ នឹង​ករណី​នេះដែរ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ បាន​មានប្រសាសន៍​ប្រាប់​ឲ្យ​ដឹងថា​ លោក​បាន​ប្រជុំ​ជំរុញ​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អធិការ​ត្រូវ​​ យកចិត្តទុកដាក់​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ និង​បង្ក្រាប​ល្បែងស៊ីសង​ជាប្រចាំ​ផងដែរ​។ ​លោក​បន្តថា​ ចាំមើល​ឲ្យ​កម្លាំង​ចុះទៅ​តាមដាន​ឲ្យ​ច្បា​ស់​សិន​ហើយនឹង​ធ្វើការ​បង្ក្រាប​។​ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ប៉ោ វណ្ណ​និ​ត ​មេបញ្ជាការ​កង​រាជ​ អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​​ថា ​ករណី​ល្បែង​ឆ្នោត​នេះ ​គឺ​លោក​ នឹង​សុំ​គោល​ការ​ទៅ​ខេត្ត​សិន​រួច​នឹង​ដាក់​កម្លាំង​ចុះ​បង្ក្រាប​តែម្តង​។​

​ករណី​នេះដែរ​ មជ្ឈដ្ឋាន​ពលរដ្ឋ​មានការ​ទន្ទឹងរង់ចាំ​មើល​ហើយ​មើល​ទៀតថា​ តើ​លោក​ ឃឹម ​ប៊ុន​សុង ​អភិបាលខេត្ត​សៀមរាបអាច​បញ្ជាឲ្យ​កងកម្លាំង​ក្នុង​ខេត្ត​បង្ក្រាប​បាន​ឬ​យ៉ាងណា​ឬក៏​ទុក​បន្សល់​ឲ្យ​កូនចៅ​មាន​ចំហាយ​ពី​បទ​ល្មើស​ខ្លះ​?​ ព្រោះ​អី​មួយ​រយៈ​នេះ​ គេ​ឃើញ​ចាប់​១​ ដង្ហើម​ចង្រិត​ប៉ុណ្ណោះ​តែ​គេ​ក៏​សង្កេតឃើញ​មួយ​រយៈនេះ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ព្រមាន​យ៉ាង​ធ្ងន់ៗ​ឲ្យ​មន្ត្រី ​និង​កងកម្លាំងប្រដាប់អាវុធ​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​បទ​ល្មើស​ផ្សេងៗ​ដូចជា​ល្បែង​ស៊ីសង បទ​ល្មើស​ព្រៃឈើជាដើម៕

មតិយោបល់