ព័ត៌មានជាតិ

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​តាក់ស៊ី​បត់​ឆ្លងផ្លូវ​រងរបួស​ធ្ងន់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តាក់ស៊ី​មួយគ្រឿង​បត់​ឆ្លងផ្លូវ​ចូល​បុរី បណ្ដាលអោយ​ដួល​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ក្រសួង​មហាផ្ទៃ តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​ជនរងគ្រោះ​ឈ្មោះ គីម សីហា អាយុ​២៥​ឆ្នាំ​មាន​ទីលំនៅ​បុរី​៩៩៩ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី លែ​ត ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CF-7419 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដ​យ៉ាង​លឿន​ក្នុង​ស្ថានភាព​ស្រវឹង ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​រថយន្ត​តាក់ស៊ី​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2D-4142 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៦៦ ទិសដៅ​ពី​លិច​ទៅ​កើត ហើយ​បាន​បើក​ឆ្លងផ្លូវ​ព្រះ​នរោត្ដម​ចូលទៅក្នុង​បុរី​ឧទ្យានបាសាក់ ក៏​ត្រូវ​ម៉ូតូ​បុក​ចំ​រថយន្ត​ជំ​ហៀ​ង​ខាងឆ្វេង​ពេញទំហឹង​ដួល​អូស​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​ក៏​បាន​ឈប់​នៅ​កន្លែងកើតហេតុ​ផងដែរ​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​មន្ទីរពេទ្យ​ឯកជន​មក​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ
​ហើយ​សមត្ថកិច្ច​ក៏​បាន​ទំនាក់ទំនង​ទៅ​រក​ក្រុមគ្រួសារ​ជនរងគ្រោះ​អោយមក​ធ្វើ​ការដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែ​ម្ដង​៕
2014-07-23_102255

មតិយោបល់