តាកែវៈ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង កាលពីវេលាម៉ោង១៥និង១០នាទី នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិជីខ្លា ឃុំជីខ្លា ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ច ចរាចរណ៍ផ្លូវគោកស្រុកទ្រាំង បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បងជីវិតក្នុងហេតុការណ៍នេះ មានឈ្មោះ ទឹម ហាន់ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិឆឹស ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ ជនរងគ្រោះ បានបើកបរម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីម សេរី២០១៦ ក្នុងទិសដៅពីលិចទៅកើត។ ចំណែករថយន្តបង្កបានបើកពីជើងបត់ទៅលិច លុះទៅដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហ៊ឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីឯអ្នកបើករថយន្តក្រោយពីដឹងថា បើបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់ហើយក៏បានរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវ ជាងមួយម៉ោងក្រោយមកទើបសមត្ថកិច្ចស្រុកទ្រាំងចាប់ខ្លួនជនបង្កបាន។
បច្ចុប្បន្ន ជនបង្កត្រូវសមត្ថកិច្ចជំនាញស្រុកទ្រាំងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់