ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាក ព្រូសមួយគ្រឿងបោះពួយក្នុងល្បឿនលឿន ដូចហោះជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ ១កង់ ខ្ទាតទៅផ្លូវម្ខាង ចំណែកឯរថយន្តមិនទាន់អស់ល្បឿនបានបន្ត ទៅមុខចម្ងាយប្រហែល ៦០ម៉ែត្រ ទើបដាច់កាឡេកង់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង២០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចជិតការ៉ាស់សាំងPtt ជាប់របងព្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត ម៉ាក ព្រួស ស៊េរីឆ្នាំ២០១០ ពណ៌ ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BK-1517 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចបោះពួយក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលបាក់អស់មួយកង់ ខ្ទាតទៅផ្លូវម្ខាងនិងដាច់ផ្លាកសញ្ញាចរាចរណ៏អស់មួយទៀត។ ឯរថយន្តបានជ្រុលទៅមុខប្រមាណ ៦០ម៉ែត្រ ទាល់តែដាច់កាឡេកង់ខាងមុខខាងឆ្វេងទើបឈប់ទៅមុខលែងរួចភ្លាមៗតៃកុងរថយន្តបាន ដោះផ្លាកលេខចេញយកទៅបាត់ និងបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់