(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានព្រមានកុំឱ្យពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល, បារាំង, ថៃ, អ៉ីស្លង់ រួមទាំងបណ្ដាប្រទេសជាច្រើនទៀត ដោយសារបារម្ភពីការកើនឡើងករណីឆ្លង COVID-19 នៅបណ្ដាប្រទេសទាំងនេះ។
ការព្រមានខាងលើ CDC ធ្វើឡើងតាមរយៈបញ្ចូលបណ្ដាប្រទេសខាងលើទៅក្នុងកម្រិតប្រកាសអាសន្នលេខ៤ ដែលជាកម្រិតអាសន្នពី COVID-19 ខ្ពស់បំផុតខណៈករណីឆ្លង នៃជំងឺរាតត្បាតមួយនេះកំពុងកើនឡើងនៅជុំវិញពិភពលោក។ ថៃ, អ៉ីស្រាអែល, តំបន់ West Bank និងតំបន់ Gaza រួមជាមួយ ដែនដីផ្សេងទៀតដូចជាប្រទេសដែនកោះ Aruba និងដែនដីបារាំងនៅឯនាយសមុទ្រ French Polynesia ត្រូវបានបញ្ចលបន្ថែមទៅក្នុងបញ្ជីប្រកាសអាសន្ននេះដែលមានប្រទេសច្រើនជាង ៧០ក្នុងនោះមាន ប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍បីទៀតគឺ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ បើតាម CDC អ្នកដែលមិនបានចាក់វ៉ាក់សាំងត្រូវចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់បណ្ដាប្រទេសទាំងនេះ។
ក្រសួងការបរទេសអាមេរិក ក៏បានចេញការប្រកាសអាសន្នកម្រិតលេខ៤ ពោលគឺណែនាំកុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសបារាំង និងប្រទេសអ៉ីស្លង់ផងដែរ ខណៈប្រទេសអូទ្រីស, ក្រូអាត, អែល សាវ៉ាដ័រ, អាហ្សែរបៃហ្សង់, កោះហ្កំា, កេនយ៉ា និងចាម៉ៃកា ត្រូវបានបញ្ចូលទៅក្នុងកម្រិតប្រកាសអាសន្នលេខ៣៕
ប្រភព៖ Reuters
មតិយោបល់