ភ្នំពេញៈ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២និង១៥នាទីយប់ រំលងអធ្រាត្រ នគរបាលប៉ុស្តិ៍បឹងកក់ទី១ បានឃាត់ខ្លួនជន សង្ស័យ២នាក់ពីបទ លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២ ផ្លូវលេខ៣១៥ ក្រុមទី៣១ ភូមិ៨សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បង្កដោយជនសង្ស័យ២នាក់ ១-ឈ្មោះ សៀង ឈាងកាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស វិទ្យាល័យវត្តកោះ ស្នាក់នៅផ្ទះលេខ ២៥៥ ផ្លូវលំ សង្កាត់អូឬស្សី ទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
២-ឈ្មោះ ឃឿង ម៉េងហ័ង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស សាលាសុវណ្ណារ៉ា ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួល សង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតយក៖ ម៉ូតូចំនួន១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះស៊ីហនុ1H-8708(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់)។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណជាជនបរទេស(មិនច្បាស់ថាជាជនជាតិចិនរឺជនជាតិកូរ៉េទេ)២នាក់ប្តីប្រពន្ធ ប្តីអាយុប្រហែល២៩ឆ្នាំនិង ប្រពន្ធអាយុប្រហែល២៨ឆ្នាំ។ ក្រោយពេលកើតហេតុបានធ្វើដំណើរបន្តទៅបាត់មិនបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ឡើយ(សម្ភារៈបាត់បង់គ្មាន)។
មុនពេលកើតហេតុ នៅវេលាថ្ងៃកើយហេតុ ជនសង្ស័យ ឈ្មោះសៀង ឈាងកាងនិងឈ្មោះឃៀង ម៉េងហ័ង បានត្រឡប់ មកពីស៊ីបាយនៅម្តុំវង្វង់មូលគួចកាណុងគល់ស្ពានជ្រោយចង្វារ ជិះម៉ូតូដោយជនសង្ស័យ ឈ្មោះ សៀងឈាងកាង ជាអ្នកបើកម៉ូតូរីឯ ឈ្មោះ ឃឿង ម៉េងហ័ង ជាអ្នកជិះពីខាងក្រោយ ក្នុងគោលបំណងជិះមកផ្សារ ទំនើប T K ដើម្បីធ្វើសកម្មភាពឆក់អ្នកធ្វើដំណើរចេញ និង ចូល ផ្សារនៅពេលជិះមកដល់ពីខាងលិចផ្សារក៏បានឃើញមនុស្ស២នាក់ស្រីនិងប្រុសម្នាក់ជាជនបរទេស(សង្ស័យជាជនជាតិចិន) បានដើរចេញពីផ្សារតាមបណ្តោយផ្លូវលេខ៣១៥ ទិសដៅពីជើង ទៅត្បូង ដោយឃើញមនុស្សប្រុសនោះមានកាន់យួរកាបូប ក៏ជិះ ម៉ូតូទៅពីក្រោយអែបជិតរួចធ្វើ សកម្មភាពឆក់យកកាបូបពីដៃ ជនបរទេសនោះ ដោយជនសង្ស័យឈ្មោះឃឿង ម៉េងហ័ង ជាអ្នក ឆក់តែត្រូវបានមនុស្សប្រុសសង្ស័យជាជនជាតិចិននោះបានទាញដណ្តើមមកវិញ បណ្តាលជនសង្ស័យទាំង២នាក់ដួលម៉ូតូនៅនៅក្បែរនោះ មុខផ្ទះ លេខ២ ផ្លូវ៣១៥ ក្រុម៣១ភូមិ៨ សង្កាត់បឹងកក់ទី១ ហើយត្រូវបាន ប្រជាពលរដ្ឋ និងកម្លាំងល្បាតរបស់ នគរបាលប៉ុស្តិ៍បឹងកក់ទី១ ដែលល្បាតនៅក្បែរនោះចាប់ឃាត់ខ្លួនបានជាក់ស្តែងយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
ក្នុងពេលធ្វើការសាកសួរជនសង្ស័យ ទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ជនបរទេសពីរនាក់ប្តីប្រពន្ធនោះពិតប្រាកដមែនដោយ ឡែក ជនបរទេសពីរនាក់នោះ ក្រោយពេលកើតហេតុមិនបានដាក់ពាក្យប្តឹង ទេគឺបន្តធ្វើដំណើរទៅបាត់ទៅ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ ការតាមនិតិវិធីច្បាប់៕
មតិយោបល់