ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ ត្រូវបាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីចូលលួចមាន់ និងកាប់ប្រហារទៅលើម្ចាស់មាន់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។
អធិការស្តីពីនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត បញ្ជាក់ថា ជនសង្ស័យឈ្មោះ ជា ហៃ ភេទប្រុស អាយុ១៦ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ ប្រុស អាយុ៥១ឆ្នាំ ។
លោកម៉ៅ សឿត បញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨និង៤០នាទីយប់ នៅចំណុចដីឡូតិ៍ចំការស្វាយ ភូមិមិត្តភាព សង្កាត់ព្រែកឯង។ ជនសង្ស័យ៣នាក់ ឈ្មោះ ជា ហៃ ឈ្មោះ តួ និងម្នាក់ទៀតមិនស្គាល់ឈ្មោះនាំគ្នាផ្លោះរបងចូលទៅក្នុងដីឡូតិ៍ចំការស្វាយ ដើម្បីលួចមាន់ ។ ពេលនោះជនរងគ្រោះឮឆ្កែព្រុសក៏បញ្ចាំងភ្លើងពិលឃើញជនសង្ស័យកំពុងទាញសំណាញ់លួចមាន់ ទើបងើបពីគ្រែដេក ស្ទុះចេញទៅចាប់ជនសង្ស័យ រួចពួកជនសង្ស័យនាំគ្នាវាយជនរងគ្រោះដួលទៅលើដី ហើយជនសង្ស័យឈ្មោះ តួ ស្ទុះទៅយកកាំបិតផ្គាក់របស់ជនរងគ្រោះនៅក្រោមគ្រែកាប់ទៅលើជនរងគ្រោះចំកញ្ចឹងក, ចំថ្ពាល់ខាងស្តាំ និងចំ ក្បាលរបួសធ្ងន់ រួចនាំគ្នាគេចខ្លួនបោះកាំបិតផ្គាក់ចោលនៅកន្លែងកើតហេតុ។
ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រួចក៏បានស្លាប់។ រហូតដល់ម៉ោង១០យប់ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់ឈ្មោះ ជា ហៃ នៅភូមិកើតហេតុ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕
មតិយោបល់