ព្រៃវែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហ្វត របស់ក្រុមហ៊ុនSMRដឹកអ្នកដំណើរ បានបុកជាមួយម៉ូតូវ៉េវ និងបន្តម៉ូតូPCX មួយគ្រឿងបន្ថែមទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅម៉ោង៤និង៤០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ៤៧-៤៨ ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5449 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចមកកើត មកដល់កន្លែងកើតហេតុរថយន្តបានកៀរជាមួយម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-3525 បើកបរដោយឈ្មោះ អុល ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលកំពុងជិះនៅខាងមុខរថយន្តស្របទិសគ្នា ហើយបត់ឆ្វេងប្តូរគន្លងផ្លូវបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស ។ បន្ទាប់មករថយន្តបានជ្រុលចង្កូតទៅកៀរម៉ូតូ១គ្រឿងទៀតម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ 2GG- 0005 របស់ម្ចាស់ឈ្មោះ ហាវ សុងនិ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិមេ.សរប្រចាន់ ឃុំមេ.សរប្រចាន់ ស្រុកពារាំង ដែលកំពុងបញ្ឈរចតនៅលើចិញ្ចើមផ្លូវ តែម្ចាស់មិនមានរងរបួសទេ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ ចំណែកអ្នករងរបួសឈ្មោះ អុល ត្រូវបានបញ្ជូនមកមន្ទីរពេទ្យស្រុកពារាំង។ ចំណែកវត្ថតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់