ភ្នំពេញៈ សង្ស័យស្រវឹងស្រា បើករថយន្ត ហាយប្រីត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2Q-2353 ទៅបុកក្បាលនាគពុះចែកផ្លូវ ពេញទំហឹង បណ្ដាលឲ្យបាក់និងខ្ទាតចេញពីជួរ ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចស្តុបរោងកុនគីរីរម្យ ផ្លូវម៉ៅសេទុង ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ហាយប្រីត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2Q-2353 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា រួមដំណើរជាមួយនារីម្នាក់ទៀត បានធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុករបាំងថ្មបែងចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់និងខ្ទាតចេញពីជួរ អស់២ផ្ទាំង ។ចំណែករថយន្តបង្កខូចខាតយ៉ាងដំណំ ហើយមុនសមត្ថកិច្ចចុះទៅដល់ ម្ចាស់រថយន្តនិងនារីម្នាក់ទៀតរួមដំណើរជាមួយគ្នា បានបើកទ្វារចេញមក រួចហៅរ៉ឺម៉កកង់បី ជិះគេចខ្លួនពីកន្លែងកើតហេតុបាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុរួច ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចស្ទូចរថយន្តបង្កហេតុនោះទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕
មតិយោបល់