ព័ត៌មានជាតិ

ដើរចេញពីផ្ទះទៅទិញថ្នាំលេប ត្រូវជនសង្ស័យឆក់កាបូបបានសម្រេច!

ភ្នំពេញៈ ស្ត្រីម្នាក់ដើរចេញពីផ្ទះទៅទិញថ្នាំលេប ត្រូវបានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកពីក្រោយធ្វើសកម្មភាពឆក់កាបូបបានរួចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាមោង៨យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅខាងកើតស្លាកសំណង់១២ ប្រមាណជាង៣០ម៉ែត្រ តាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះមិនប្រាប់អត្តសញ្ញាណបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរចេញពីផ្ទះបំណងទៅទិញថ្នាំលេបបានដើរទិសដៅពីលិចទៅកើតលុះដើរចេញបានបន្តិចចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ មកពីក្រោយស្របទិសដៅគ្នាបានធ្វើសកម្មភាពឆក់កាបូបដែលកាន់នៅនឹងដៃបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះបានបន្តទៀតថា កាបូបដែលត្រូវចោរឆក់យកទៅបាត់នោះបានបាត់ទ្រព្យសម្បត្តិរួមមានទូរសព្ទម៉ា កអាយហ្វូនអេស១គ្រឿង កាតATM១ ប៉ាស្ព័រ១ អត្តសញ្ញាណបណ្ណ័១ និងចំនួន៥០ដុល្លារ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាងដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់