ពោធិ៍សាត់ៈ ករណីហិង្សាក្នុងរោងការមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល រវាងភាគីខាងកូនក្រមុំ និងខាងកូនកំលោះ បណ្ដាលឲ្យមានអ្នករងរបួស កាលពីវេលម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថាក្រុមគ្រួសារខាងកូនស្រី និងកូនប្រុស បានរៀបចំមង្គលការកូន នៅចំណុចខាងលើ ដោយដល់ម៉ោងទទួលភ្ញៀវទាំងសងខាង បានបរិភោគអាហារ ដើម្បីអបអរសាទរ ក្នុងពិធីអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី។
លុះដល់ភ្ញៀវខាងប្រុសផឹកស្រាអស់ ហើយអ្នករត់តុបម្រើមិនទាន់មកដល់ ភ្ញៀវខាងប្រុសមួយ ក្រុមមានគ្នា០៧នាក់ បានបបួលគ្នាទិញស្រា ពីខាងក្រៅមកផឹកបន្តទៀត ប៉ុន្តែសាច់ញាតិខាងស្រី មិនព្រមឲ្យទិញ ព្រោះស្រានៅក្នុងពិធីមិនទាន់អស់នៅឡើយ ខណៈនោះ ក៏ឮសម្តីនិយាយពីភ្ញៀវខាងប្រុសថា ពួកស្រុកស្រែ បានតែវៃសម្លាប់ចោលទេ ភ្លាមៗនោះ ក៏កើតរឿងផ្ទុះជាហិង្សាឡើង ដោយភ្ញៀវខាងកូនកំលោះ និងខាងកូនក្រមុំវាយតប់គ្នាផ្អើលពេញរោងការតែម្តង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលពីរនាក់ ។
ជនរងគ្រោះទី១ឈ្មោះ ម៉ន ម៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ របួសធ្ងន់ និងទី២ឈ្មោះ ម៉ន ធីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន របួសស្រាល (ភ្ញៀវខាងកូនកំលោះ)។
ករណីនេះ ភាគីខាងស្រី បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច នៅព្រឹកថ្ងៃទី១៨នេះ ដើម្បីរកយុត្តិធម៌ជូនភាគីខាងស្រី តែយ៉ាងណានោះ សមត្ថកិច្ចពុំទាន់មានដំណោះស្រាយនៅឡើយ កំពុងធ្វើការស្រាវជ្រាវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់