Post News Media ព័ត៌មានជាតិ រថយន្តCRV បុក...

រថយន្តCRV បុកជាមួយឡិចស៊ីសរេចង្កូតមកបុកជញ្ជាំងហាង ហ្វេប្យ៊ូឡឺស !

ភ្នំពេញ: រថយន្តCRV មួយគ្រឿង បើកក្នុងល្បឿនលឿន ទៅបុកចំគូទរថយន្តឡិចស៊ីស បណ្តាលឲ្យរថយន្តឡិចស៊ីសរេចង្កូតមកបុកជញ្ជាំងហាង មួយកន្លែង រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ កែងផ្លូវ ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកCRV មួយគ្រឿង ពណ៌ទឹកប៊ិចមិនចាំស្លាកលេខ បើកបរដោយជនជាតិបរទេស តាមបណ្តោយផ្លូវ៦៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវបែកជាបួន មិនបង្អន់ល្បឿនស្រាប់តែមានរថយន្តម៉ាកឡិចស៊ីសRX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2H-8103 បើកតាមបណ្តោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នាក៏ត្រូវបានរថយន្តCRV បុកចំគូទរថយន្តឡិចស៊ីសហើយរថយន្តឡិចស៊ីសក៏រេចង្កូតទៅបុកចូលហាងហ្វេសប៊្យូឡឺស បណ្តាលឲ្យបែកកញ្ចក់នឹងជញ្ជាំង រងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ហើយផ្ទុះពោងសុវត្ថិភាពចំនួន២ ហើយរថយន្តCRV ដែលជារថយន្តបង្កបានជិះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានមកដល់កន្លែងកើតហេតុស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕