ព័ត៌មានជាតិ

រពឹសដៃឆក់ទ្រព្យ ជាប់ខ្នោះ!

ភ្នំពេញៈ រពឹសដៃបំពេញការងារសុច្ចរិត តែងនាំឲ្យមនុស្សរីកចម្រើន តែដោយឡែកប៉ុន្មានថ្ងៃនេះ មានយុវជន២ក្រុមត្រូវ បានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ព្រោះតែរពឹសដៃ ឆក់ទ្រព្យសម្បត្តិអ្នកដទៃស្ទើររាប់ភ្លេច ។

យុវជនទាំង២ក្រុមនោះរួមមាន៖
១.ឈ្មោះ ជីម ឡុង ហៅ ត្រា និង ឈ្មោះ ពុធ ប្រសើរ ហៅ វិត ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿង បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូបនិងទូរសព្ទជនរងគ្រោះតាមដងផ្លូវ ជាច្រើនលើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបាននៅចំណុច ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពួកគេបានសារភាពថា កន្លងមកពួកគេរួមជាមួយបក្ខពួកផ្សេងទៀត មានឈ្មោះ ទី, ឈ្មោះថន ធ្លាប់បានធ្វើសកម្មភាពឆក់សម្ភារៈតាមដងផ្លូវប្រហែល១០ដងមកហើយ។

២.ឈ្មោះ ឈន រដ្ឋា ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេរួមជាមួយបក្ខពួក២នាក់ផ្សេងទៀត ឈ្មោះ វិសាល និងឈ្មោះ អ៉ីរ៉ូ បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះពីរនាក់ប្តីប្រពន្ធកំពុងជិះម៉ូតូ នៅចំណុចផ្លូវលេខ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនបានម្នាក់ នៅនឹងកន្លែង។

ចំណែកបក្ខពួកក្រុមចោរឆក់ដែលគេចរួចពីបង្ក្រាប សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្ត៕

មតិយោបល់