តាកែវៈ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មានករណីលួចមានស្ថានទម្ងន់ទោស មួយបានកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៣ នៅចំណុចមុខរោងចក្រអ៉ីចេង ស្ថិតក្នុងភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។
ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ចុះធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនមុខសញ្ញាខាងលើ លុះរហូតដល់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាបានចំនួន ៥នាក់ រួមមាន៖
១/.ឈ្មោះ រ៉េត សុមេត្តា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិនាល ឃុំតាំងដូង ស្រុកបាទី
ទី២/.ឈ្មោះ អឿន អាង ភេទប្រុស អាយុ១៨ឆ្នាំ
៣/.ឈ្មោះ គង់ ថៃ ភេទប្រុស អាយុ១៨ឆ្នាំ ទាំង៣នាក់រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី (មុខសញ្ញាចែកចាយគ្រឿងញៀន)
ទី៤/.ឈ្មោះ បេត រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន)
និងទី៥/.ឈ្មោះ ប៊ុត បញ្ញា (ហៅកញ្ញា) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ មានជនសង្ស័យចំនួន៦នាក់ ជិះម៉ូតូចំនួន៤គ្រឿង ធ្វើសកម្មភាពស្ទាក់កាប់ វាយ និងបាញ់ចំពាមកៅស៊ូ យកម៉ូតូរបស់ឈ្មោះ នូវ ឃី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខតាកែវ 1M-6502 តែមិនបណ្ដាលឲ្យមានរបួសដល់ជនរងគ្រោះទេ ដោយបានរត់គេចខ្លួនរួច។ ខណៈពេលដែលជនរងគ្រោះធ្វើដំណើរដឹកមាន់យកទៅលក់នៅរាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបានម៉ូតូចំនួន២គ្រឿង ដែលជិះធ្វើសកម្មភាព និងដាវសាំម៉ូរ៉ៃចំនួន២ ។
បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួន៕
មតិយោបល់