ព័ត៌មានអន្តរជាតិ

លោក ត្រាំ​ ប្រកាសថា កិច្ចប្រជុំ​កំពូល​រវាង​លោក ជាមួយ​លោក ​គីម​ ​ក្នុងប្រទេស​សិង្ហ​បុរី នឹងនៅដូចដើម

អាមេរិកៈ ​ប្រធានាធិបតី​អាមេរិកលោក ដូ​ណា​ល់ ត្រាំ បានឲ្យដឹងថា កិច្ចប្រជុំ​កំពូល​រវាងប្រទេសទាំងពីរ អាមេរិក-កូរ៉េខាងជើង ​នៅ​ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃទី ១២ មិថុនា នឹងត្រឡប់​ទៅដូចដើមវិញ ពោលគឺ​វានឹងប្រព្រឹត្តទៅតាមការគ្រោងទុក បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ ត្រូវបាន​លុបចោល ដោយលោក ត្រាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។

ការប្រកាស​របស់មេដឹកនាំអាមេរិកយ៉ាងដូច្នេះ បានកើតទ្បើងបន្ទាប់ពី​កិច្ចចរចា ​ជាមួយ​បេសកជន​​ជាន់ខ្ពស់កូរ៉េខាងជើង​ម្នាក់ ​នៅ​ឯសេត​វិមាន​ នៅពេលដែលលោក​ឧ​ត្ត​ម​សេនីយ៍ គីម យ៉ុង​ឆុ​ល បានប្រគល់​លិខិត​មួយពី​មេដឹកនាំ​កូរ៉េខាងជើង ​ទៅកាន់​ប្រធានាធិបតី ត្រាំ​។​

ភ្លាមៗនោះលោក ត្រាំ ​មិនទាន់បាន​បើកមើល​វា​នៅឡើយ​ទេ តែ​បាន​និយាយថា លិខិត​នេះ ពិតជាគួរឲ្យចាប់អារម្មណ៍​ខ្លាំងណាស់​ ដោយលោកបានបន្ថែម​ថា បញ្ហា​នៃ​ការបញ្ចប់​សង្គ្រាម​ជា​ផ្លូវការ​នៅ​កូរ៉េ​ នឹងមាន​នៅលើ​តុ​ចរចា ​ក្នុង​ប្រទេស​សិង្ហ​បុរី​។​

​លោក​ត្រាំ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅលើ​វាលស្មៅ​សេត​វិមាន​ថា “«យើង​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី ១២ មិថុនា​នៅ​ប្រទេស​សិង្ហ​បុរី​”»។​

យ៉ាងណាមិញ​លោក ​ត្រាំ ​បាន​ក្រើន​រំឭកថា​ កិច្ចប្រជុំ​កំពូល​នេះ​ទំនងជា​មិនអាច​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ចុងក្រោយ​ ស្តីពី​បញ្ហាកម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស់​របស់​កូរ៉េខាងជើងនោះ​ទេ​។

​សូមជំរាបថា ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាងប្រទេសទាំងពីរ ​នឹង​ក្លាយជា​ជំនួប​លើកទីមួយ​ សម្រាប់​មេដឹកនាំ​អាមេរិក ​កំពុងកាន់​តំណែង​ និង​មេដឹកនាំ​កូរ៉េខាងជើង​៕

មតិយោបល់