ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូទៅទិញនំបុង័សាច់ លុះត្រឡប់មកវិញ ខណៈជិះម៉ូតូបណ្តើរនិយាយទូរសព្ទបណ្តើរ ក៏មានជនសង្ស័យមួយក្រុមមានគ្នា ៨នាក់ ជិះម៉ូតូចំនួន៤គ្រឿងបានមកពីក្រោយជិះមកទន្ទឹម រួចធាក់ជនរងគ្រោះបណ្តាលឲ្យដួល រួចក្រុមចោរបានដកដាវដេញប្រហារជនរងគ្រោះ រត់ចោលម៉ូតូ ទើបជនសង្ស័យឆ្លៀតឱកាសលើកម៉ូតូចេញទៅដោយសុវត្ថិភាព។
ករណីប្លន់ម៉ូតូនេះនៅវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី៣ មិថុនា ២០១៨ នៅតាមបណ្តោយផ្លូវ ៣១៣ ក្បែរហាងStreet Food ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
បើតាមសម្តីរបស់ជនរងគ្រោះបានអោយដឹងថា ខ្លួនមានឈ្មោះ យ៉េន មុំ អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកភោជនីដ្ឋាន ស្ទួចបង្កង ស្នាក់នៅកន្លែងធ្វើការ ចំណែកម៉ូតូដែលក្រុមចោរប្លន់ម៉ាក ស្ស៊ុស៊ីគីនិច ពណ៍សលាយខៀវ ពាក់ស្លាក ភ្នំពេញ 1GX-3357។
ជនរងគ្រោះបានបន្តរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីបិទហាង ខ្លួនបានជិះទៅទិញនំបុង័នៅម្តុំផ្សារមាន់អាំង លុះជិះត្រឡប់មកវិញ ជិតដល់កន្លែងធ្វើការ ខណៈជិះម៉ូតូបណ្តើរនិយាយទូរសព្ទបណ្តើរ ក៏មានជនសង្ស័យមួយក្រុមមានគ្នា៨នាក់ ជិះម៉ូតូចំនួន៤គ្រឿងមាន ម៉ាកនិច និងម៉ាកហុងដាឌ្រីមសង់សេ១២៥ បានមកពីក្រោយជិះមកទន្ទឹម និងម៉ូតូខ្លួន រួចធាក់ជនរងគ្រោះបណ្តាលឲ្យដួល បន្ទាប់មកក្រុមចោរ បានដកដាវបម្រុងដេញប្រហារមកលើខ្លួន ទើបខ្លួនភ័យបានរត់ចោលម៉ូតូ ឃើញដូច្នេះជនសង្ស័យឆ្លៀតឱកាសបាន លើកម៉ូតូចេញទៅដោយសុវត្ថិភាព ។ ភ្លាមនោះខ្លួនបានទូរសព្ទហៅមិត្តភក្តិនៅហាង ព្រោះហាងជិតនឹងកន្លែងកើតហេតុចម្ងាយប្រហែល១០០ម៉ែត្រ ឲ្យយកម៉ូតូមកដេញតាម ជនសង្ស័យដែលយកម៉ូតូរបស់ខ្លួន រហូតដល់រង្វង់មូលគួចកាណុងទើបបាត់ដានជនសង្ស័យទាំងនោះ ។
ក្រោយកើតហេតុជនរងគ្រោះនិងមិត្តភក្តិបានឌុបគ្នា មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល បឹងកក់ទី២ដើម្បីសមត្ថកិច្ចកំណត់មុខសញ្ញាជនសង្ស័យ ៕
មតិយោបល់