ព័ត៌មានជាតិ

ឆក់បានសម្រេច តែរត់មិនរួចទើបជាប់ខ្នោះដដែល!..

ភ្នំពេញ: ហេតុការណ៍មួយបានកើតឡើងកាល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) នៅចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យខាងលើមាន ឈ្មោះ ឈុន ភត្រ្តា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១១៥ ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ចំណែកជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណ ទេ។

ក្នុងការប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតបាន សម្ភារ:ដូចជា ម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៌ស ផលិតឆ្នាំ ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AO-7499 ។

តាមដំណើររឿងបានបញ្ជាក់ឲ្យដឹងដែរថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ១គ្រឿងតាមបណ្តោយផ្លូវសម្តេចជាស៊ីម ឃើញជនរងគ្រោះជិះម៉ូតូ ក៏មកជិះអែប រួចក៏ធ្វើសកម្មភាពលូកយកទូរសព្ទដៃជនរងគ្រោះដែលទុកក្នុងកែបម៉ូតូក្រោមប្រអប់សោរ ហើយជិះម៉ូតូយ៉ាងលឿន ពេលនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ លុះដល់ចំណុចកើតហេតុជនសង្ស័យក៏បានដួលម៉ូតូ ឃើញដូចនោះជនរងគ្រោះក៏យកទូរសព្ទវិញរួចជិះម៉ូតូទៅបាត់តែម្តង។

ភ្លាមៗនោះកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដែលកំពុងល្បាតដល់ចំណុចខាងលើ ក៏ឃាត់នាំខ្លួនយកមកសាកសួរតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់