ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ជនជាតិវៀតណាមម្នាក់ ត្រូវនគរបាលខេត្តកណ្តាលឃាត់ខ្លួន ករណីទិញទូរស័ព្ទឲ្យលុយដុល្លារក្លែងក្លាយ

កណ្តាលៈ នៅថ្ងៃសុក្រ ០៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី មានករណីជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម ចាយលុយដុល្លារក្លែងក្លាយ (លុយសែន) ទៅទិញទូរស័ព្ទដៃ ត្រូវអ្នកលក់ប្តឹងសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន ស្ថិតត្រង់ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ លន់ វិរះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះង្វៀង យុំាងភឺន ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។

វត្ថុតាងចាប់យករួមមាន៖
១•ទូរស័ព្ទដៃ២គ្រឿង ម៉ាក iPhone.x ពណ៌ស (ជារបស់ជនរងគ្រោះ)
១•ម៉ាក NOKIA អិនចុចពិល ពណ៌ខ្មៅ០១គ្រឿង (ជារបស់ជនសង្ស័យ)
២-លុយដុល្លារ (លុយសែន) ចំនួន២៧៥ដុល្លារ
-ក្រដាស២០$ ចំនួន១១សន្លឹក (លុយសែន)
-ក្រដាស១០$ចំនួន០៤ សន្លឹក (លុយសែន)
-ក្រដាស៥$ ចំនួន០៣សន្លឹក(លុយសែន)
៣-ម៉ូតូ ០១គ្រឿង ម៉ាក SUZUKI.ViVA ពណ៌ខ្មៅ.ខៀវ ពាក់ផ្លាកលេខភ្នំពេញ1 AD.7084
៤-អត្តសញ្ញាណប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អន្តោប្រវែសជនជាតិវៀតណាមចំនួន០១សន្លឹក
៥-បង្កាន់ដៃទទួលពាក្យរបស់នាយកដ្ឋានអន្តោប្រវែស០១សន្លឹក
៦-វិក័យប័ត្រទិញលក់ទូរស័ព្ទឈ្មោះ លន់ វិរះ 168 លេខ000123ចំនួន០១សន្លឹក
៧-បង្កាន់ដៃត្រួតពិនិត្យលេខ 035396 ចំនួន០១សន្លឹក
៨-កាបូបដៃពណ៌ខ្មៅ,ស (ការូ)ចំនួន០១ ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូមកទិញទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone.x ពណ៌ស ពីជនរងគ្រោះក្នុងតម្លៃ៣៨០$ (បីរយបែតសិបដុល្លារ) ពេលនោះជនសង្ស័យ ក៏បាននិយាយតថ្លៃទូរស័ព្ទជាមួយជនរងគ្រោះ សល់ត្រឹមតម្លៃ៣៧៥$ (បីរយចិតសិបប្រាំដុល្លារ) ពេលតថ្លៃរួចជនរងគ្រោះ ក៏ព្រមលក់ទូរស័ព្ទដៃ០១គ្រឿងនោះ ក្នុងតម្លៃ៣៧៥$ ភ្លាមនោះជនសង្ស័យនិយាយថា លុយមិនគ្រប់ចាំបន្តិចទៅយកលុយថែម រួចជនសង្ស័យក៏បានជិះចេញទៅបាត់ បានមួយសន្ទុះក៏បានជិះម៉ូតូត្រឡប់មកដល់វិញ ហើយក៏ព្រមទិញទូរស័ព្ទដៃពីជនរងគ្រោះ ដោយអោយជនរងគ្រោះ រៀបចំទូរស័ព្ទអោយខ្លួន ពេលជនរងគ្រោះរៀបចំទូរស័ព្ទដៃ នឹងសរសេរវិក័យប័ត្ររួច ប្រគល់អោយជនសង្ស័យ ពេលនោះជនសង្ស័យក៏បានដកលុយដុល្លារក្លែង (លុយសែន) មករៀបរួចទុកនៅលើទូលក់ទូរស័ព្ទ ហើយយកទូរស័ព្ទ ព្យាយាមឡើងជិះម៉ូតូចេញ ដើម្បីរត់គេចខ្លួនដោយជនរងគ្រោះ មានការសង្ស័យលើ លុយដុល្លារថា ជាលុយក្លែងក្លាយ ក៏ស្ទុះទៅឃាត់ជនសង្ស័យបាន រួចទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ ។

ក្រោយពីទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍បានចុះដល់ចំណុចកើតហេតុ រួចយកជនសង្ស័យរួមនឹងវត្ថុតាង មកប៉ុស្តិ៍ដើម្បីសួរនាំ ក្រោយពីសួរនាំរួចនៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន ។
បន្ទាប់ពីសួរនាំរួច ជនសង្ស័យរួមនឹងវត្ថុតាង បានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

មតិយោបល់