ព័ត៌មានជាតិ

ប្តីជាសន្តិសុខក្រុមហ៊ុនមិត្តហ្វូន ប្រពន្ធជាគ្រូទាយ! សុំរួមភេទមិនបាន ទាញប៉័ងតោកាប់រងរបួសធ្ងន់!..

កណ្តាលៈ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ Post News ថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីអំពើហិង្សាក្នុងគ្រួសារ នៅចំណុចផ្ទះជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ(ប្រពន្ធ)ឈ្មោះ ស.ច. អាយុ៣៦ឆ្នាំ ទីលំនៅស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរ គ្រូទាយ។ ចំណែកជនសង្ស័យ(ប្តី)ឈ្មោះស.ថ.ព អាយុ៣២ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរ សន្តិសុខក្រុមហ៊ុនមិត្តហ្វូន(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក កាំបិតប៉័ងតោចំនួន១, វែកឆាចំនួន១។

នៅវេលាកើតហេតុខាងលើ ពេលជនរងគ្រោះជាប្រពន្ធកំពុងតែដេកនៅក្នុងបន្ទប់ជាមួយកូនតូច ពេលនោះស្រាប់តែជនសង្ស័យជាប្តីបានដើរចូលមកក្នុងសភាពស្រវឹងស្រា ហើយបានសុំប្រពន្ធរួមភេទជាមួយតែប្រពន្ធមិនព្រម ព្រោះស្រួលខ្លួនអស់កម្លាំងធ្វើឲ្យជនសង្ស័យខឹងបានយកវែកឆាវាយត្រូវចំចិញ្ចើមខាងឆ្វេង បណ្តាលឲ្យរយះហូរឈាម។

ក្រោយមកជនសង្ស័យក៏បានរករឿងជាមួយជនរងគ្រោះម្តង ដោយមានការប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យក៏បានទាញកាំបិតប៉័ងតោកាប់ បណ្តាលឲ្យត្រូវចំបាតដៃខាងឆ្វេងរបស់ជនរងគ្រោះរងរបួសរយះហូរឈាម ទើបសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់