អ៊ីរ៉ង់ៈ ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ បានធ្វើឲ្យមានក្ដីកង្វល់ និងការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក នៅទ្វីបអឺរ៉ុប និងបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ប្រឆាំងនឹងឥរិយាបថគំរាមកំហែងរបស់អាមេរិក ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ង់ នៅតែព្យាយាមរក្សាកិច្ចព្រមព្រៀងមួយនេះដូចមុនដដែល។
នៅក្នុងលិខិតដែលផ្ញើទៅសមភាគីបរទេស លោក Zarif បានព្រមានពីផលវិបាក និងគ្រោះថ្នាក់ចំពោះការផ្លាស់ប្តូរសកម្មភាពខុសច្បាប់ និងឯកតោភាគីរបស់អាមេរិក ដើម្បីដើរចេញពីផែនការសកម្មភាពរួមគ្នា (JCPOA) ហើយថែមទាំងបានអំពាវនាវឲ្យអន្តរជាតិ ធ្វើការថ្កោលទោស ចំពោះទង្វើរបស់ក្រុងវ៉ាស៊ីនតោនផងដែរ៕
មតិយោបល់